អន្តរជាតិ

បារាំងគ្រោងអនុវត្តច្បាប់ពិន័យក្រុមហ៊ុនផលិតសម្លៀកបំពាក់ណាដែលបញ្ចេញលក់ម៉ូតថ្មីៗលឿនខ្លាំងពេក

BY
Pheakdey
March 15, 2024

បារាំង៖ ប្រទេសបារាំងគ្រោងនឹងអនុវត្តច្បាប់ធ្វើការពិន័យទៅលើក្រុមហ៊ុនផលិតសម្លៀកបំពាក់ដែលបានបញ្ចេញលក់ម៉ូតសម្លៀកបំពាក់ថ្មីៗលឿនយ៉ាងខ្លាំងពេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៥ ខែមីនានេះ។ គោលបំណងនៃការអនុវត្តច្បាប់ដ៏កម្រនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលការពារបរិស្ថាន ពីព្រោះថានៅពេលដែលក្រុមហ៊ុនផលិតសម្លៀកបំពាក់ព្យាយាមផលិតម៉ូតសម្លៀកបំពាក់ថ្មីៗកាន់តែឆាប់រហ័សនោះវាក៏បានបង្កើតឲ្យមានកាកសំណល់កាន់តែច្រើននៅសង្គមផងដែរ។

ប្រភពខាងលើបានបន្តថា​ ច្បាប់ថ្មីនេះនឹងអនុញ្ញាតឲ្យអាជ្ញាធរអាចគ្រប់គ្រងទៅលើបរិមាណនៃការផលិតសម្លៀកបំពាក់របស់ក្រុមហ៊ុនធំៗជាច្រើនបានតាមរយៈធ្វើការកំណត់ឲ្យក្រុមហ៊ុនទាំងនោះត្រូវផលិតសម្លៀកបំពាក់ដោយផ្អែកទៅតាមតម្រូវការជាក់ស្តែងតែប៉ុណ្ណោះ។ នៅក្នុងសេចក្តីស្នើច្បាប់បានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនណានៅតែបន្តអនុវត្តផ្ទុយពីច្បាប់គឺអាជ្ញាធរអាចនឹងធ្វើការផាកពិន័យជាប្រាក់ចំនួន ១០អឺរ៉ូ (១០,៨៨ដុល្លារអាមេរិក) សម្រាប់សម្លៀកបំពាក់មួយ និងហាមឃាត់ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននោះផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះសមាជិកសភាបារាំងទាំងអស់បានបោះឆ្នោតគាំទ្រលើសេចក្តីស្នើច្បាប់នេះរួចរាល់អស់ហើយ ខណៈសេចក្តីស្នើច្បាប់នឹងត្រូវបញ្ជូនបន្តទៅកាន់ស្ថាប័នព្រឹទ្ធសភាដើម្បីធ្វើការត្រួតពិនិត្យមួយដំណាក់កាលទៀតមុននឹងបញ្ជូនទៅឱ្យប្រធានាធិបតីចុះហត្ថលេខាឱ្យវាក្លាយទៅជាច្បាប់ផ្លូវការ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: