អន្តរជាតិ

ក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់កូរ៉េខាងត្បូងប្រកាសលាឈប់ពីការងារដើម្បីទៅជួយក្រុមវេជ្ជបណ្ឌិតកម្មសិក្សាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

BY
Pheakdey
March 16, 2024

កូរ៉េខាងត្បូង៖ ក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ពួកគេនឹងលាឈប់ពីការងារដើម្បីទៅជួយគាំទ្រក្រុមវេជ្ជបណ្ឌិតកម្មសិក្សាក្នុងការធ្វើបាតុកម្មប្រឆាំងជាមួយនឹងរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ។ នៅក្នុងចំណោមក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់ទាំងអស់នេះក៏មានទាំងក្រុមវេជ្ជបណ្ឌិតសាស្រ្តាចារ្យនៅតាមសាកលវិទ្យាល័យវេជ្ជសាស្រ្តចំនួន ២០នៅទូទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។

តាមគម្រោងគឺក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់ទាំងនេះនឹងនាំគ្នាឈប់ពីការងារចាប់ពីថ្ងៃទី២៥ ខែមីនានេះតទៅ ខណៈក្រុមវេជ្ជបណ្ឌិតកម្មសិក្សាប្រមាណជា ៩០,០០០នាក់ ឬស្មើនឹង ២/៣ នៃកម្លាំងវេជ្ជបណ្ឌិតវ័យក្មេងសរុបក្នុងប្រទេសកូរ៉េខាងត្បូងបានផ្តើមនាំគ្នាលាឈប់ពីការងារជាបន្តបន្ទាប់ចាប់តាំងតែថ្ងៃទី២០ ខែកុម្ភៈម្លេះ។ គួររម្លឹកជូនថា ហេតុផលដែលនាំឲ្យមានការធ្វើបាតុកម្មគឺដោយសារតែក្រុមវេជ្ជបណ្ឌិតទាំងអស់នេះមិនយល់ស្របជាមួយគម្រោងរបស់រដ្ឋាភិបាលដែលចង់បន្ថែមនិស្សិតចំនួន ២,០០០នាក់ក្នុងមួយឆ្នាំឱ្យចូលរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្ត។ តាមការយល់ឃើញរបស់ក្រុមបាតុករ ការបន្ថែមចំនួននិស្សិតដ៏ច្រើននេះនឹងបង្កើតឱ្យមានក្រុមគ្រូពេទ្យច្រើនលើសពីតម្រូវការជាក់ស្តែងនៅពេលអនាគត ហើយពេលនោះការងារជាគ្រូពេទ្យក៏លែងសូវមានតម្លៃក្នុងពេលបច្ចុប្បន្ននេះដែរ។

សូមបញ្ជាក់ជូនថា ក្រោយការលាឈប់ពីការងាររបស់ក្រុមវេជ្ជបណ្ឌិតកម្មសិក្សារាប់ពាន់នាក់នេះ នៅតាមមន្ទីរពេទ្យមួយចំនួនក៏បានជួបប្រទះនូវបញ្ហាខ្វះបុគ្គលិកផងដែរ ខណៈការវះកាត់និងការផ្តល់សេវាវេជ្ជសាស្រ្តជាច្រើនត្រូវបានពន្យាពេលឬលុបចោលតែម្តង។ នៅចំពោះមុខស្ថានភាពនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចដាក់ពង្រាយក្រុមគ្រូពេទ្យយោធាជាច្រើនដើម្បីជួយអ​ន្តរាគមន៍នៅតាមមន្ទីរពេទ្យមួយចំនួន ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែរក្សាជំហរគាំទ្រផែនការរបស់ខ្លួនដោយអះអាងថា វាគឺជាតម្រូវការជាក់ស្តែងនៅសង្គមដែលកូរ៉េខាងត្បូងត្រូវតែមានគ្រូពេទ្យជាច្រើននាក់បន្ថែមទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: