អន្តរជាតិ

Apple រងនូវពាក្យបណ្តឹងទាមទារសំណងរហូតដល់ ៤៩០លានដុល្លារ ជុំវិញករណីឆបោកក្រុមអ្នកវិនិយោគ

BY
Pheakdey
March 16, 2024

អាមេរិក៖ ក្រុមអ្នកវិនិយោគជាច្រើននាក់បាននាំគ្នាដាក់ពាក្យប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Apple ជាបន្តបន្ទាប់ដើម្បីទាមទារប្រាក់សំណង ខណៈប្រាក់សំណងសរុបគិតត្រឹមពេលនេះគឺមានចំនួនរហូត ៤៩០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ។ ពាក្យបណ្តឹងរបស់ក្រុមអ្នកវិនិយោគត្រូវបានធ្វើឡើងតបទៅនឹងរបាយការណ៍អាជីកម្មមិនត្រឹមត្រូវមួយរបស់ក្រុមហ៊ុន Apple ដែលត្រូវបានធ្វើឡើងដោយលោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple កាលពីឆ្នាំ២០១៨កន្លងទៅ។

នៅក្នុងពាក្យបណ្តឹងរបស់អ្នកវិនិយោគបានអះអាងថា របាយការណ៍លក់របស់ក្រុមហ៊ុន Apple​ កាលពីឆ្នាំ២០១៨ នោះគឺត្រូវបានរៀបចំឡើងដោយមានទិន្នន័យនៃការលក់មិនត្រឹមត្រូវមួយដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនត្រូវកើនឡើងយ៉ាងខ្ពស់។ ដោយផ្អែកលើរបាយការណ៍មិនត្រឹមត្រូវនេះក្រុមអ្នកវិនិយោគបាននាំគ្នាទិញហ៊ុនរបស់ Apple ក្នុងតម្លៃដ៏ខ្ពស់ តែជាក់ស្តែងការលក់ទូរស័ព្ទ iPhone នៅក្នុងប្រទេសចិនមានការធ្លាក់ចុះហើយតម្លៃភាគហ៊ុនក៏ត្រូវចុះដែរ ខណៈក្រុមអ្នកវិនិយោគត្រូវប្រឈមនឹងការខាតប្រាក់អស់យ៉ាងច្រើនជាបន្តបន្ទាប់គ្នា។ សូមបញ្ជាក់ជូនថា ការលក់ទូរស័ព្ទ iPhone នៅក្នុងប្រទេសចិនបានបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ហើយនៅក្នុងរបាយការណ៍លក់សម្រាប់រយៈពេល ៦សប្តាហ៍ដំបូងនៃឆ្នាំ២០២៤នេះបានបង្ហាញថា ការលក់បានធ្លាក់ចុះរហូតដល់ ២៤% ដែលជាការធ្លាក់ចុះដ៏ច្រើនមិនធ្លាប់មាននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: