ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង” ស្ថិតនៅតំបន់ត្រជាក់ចិត្ត ក្នុងខេត្តព្រៃវែង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា

BY
Khmernote Media
March 16, 2024

ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ២០២៤”ដែលនឹងប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅទីរួមខេត្តព្រៃវែង។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ និងក្រោមការចង្អុល ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” ដែលនឹងប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅទីរួមខេត្តព្រៃវែង

ការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤”នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពី បុរាណកាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរទទួលទេព្តាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។ ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័ណ៌បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត(នៅសួនច្បារសម្តេច ជា ស៊ីម) និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ រួមមាន៖ ការប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ អុកចត្រង្គ…(នៅសួនច្បារសម្តេចក្រឡាហោម ស ខេង) ដើម្បីបង្កបរិយាកាសសប្បាយរីករាយ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

Share This Post: