អន្តរជាតិ

ការសិក្សាមួយបង្ហាញថា មានពលរដ្ឋកូរ៉េខាងត្បូងត្រឹម ៥១% ដែលមានគម្រោងចង់រៀបការ និង ២៨%ប៉ុណ្ណោះដែលមានគម្រោងចង់បានកូន

BY
Pheakdey
March 18, 2024

កូរ៉េខាងត្បូង៖ ការស្ទង់មតិមួយបានបង្ហាញថា មានប្រជាពលរដ្ឋពេញវ័យនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រឹមពាក់ប៉ុណ្ណោះ ដែលមានបំណងចង់រៀបការក្នុងពេលអនាគត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែមីនានេះ។ ការស្ទង់មតិមួយនេះត្រូវបានធ្វើឡើងនៅក្នុងចំណោមក្រុមពលរដ្ឋកូរ៉េខាងត្បូងទាំង២ភេទ ចំនួន ១,០៥៩នាក់ មានអាយុចន្លោះពី ១៩ឆ្នាំរហូតដល់៤៩ឆ្នាំ ខណៈក្រុមពលរដ្ឋទាំងនេះគឺសុទ្ធតែជាពលរដ្ឋនៅលីវឬមិនទាន់បានរៀបការនោះទេ។

លទ្ធផលនៃការស្ទង់មតិខាងលើនេះបានបង្ហាញថា មានពលរដ្ឋត្រឹមតែ ៥១,៧%ប៉ុណ្ណោះ ដែលបានឆ្លើយប្រាប់ថាពួកគេមានគម្រោងចង់រៀបការនៅពេលអនាគត ហើយពលរដ្ឋចំនួន ២៤,៥% បានអះអាងថា ពួកគេគ្មានបំណងចង់រៀបការទាល់តែសោះ ខណៈពលរដ្ឋនៅសល់ផ្សេងៗទៀតបាននិយាយថា ពួកគេនៅមិនទាន់បានគិតថានឹងត្រូវរៀបការឬក៏អត់នោះទេ។ ដោយឡែកបើគិតអំពីភាគរយរបស់ក្រុមពលរដ្ឋដែលមានគម្រោងចង់រៀបការតាមភេទវិញបានបង្ហាញថា មានពលរដ្ឋជាបុរសចំនួន ៥៦,៣% ដែលមានគម្រោងចង់រៀបការ ខណៈស្រ្តីដែលមានគម្រោងចង់រៀបការ គឺមានចំនួនត្រឹមតែ ៤៧,២% ប៉ុណ្ណោះ ក្នុងចំណោមស្រ្តីទាំងអស់ដែលបានចូលរួមក្នុងការស្ទង់មតិ។

នៅក្នុងការសិក្សាក៏បានបង្ហាញផងដែរ នៅក្នុងចំណោមក្រុមពលរដ្ឋដែលមានគម្រោងរៀបការទាំងនោះ គឺមានពលរដ្ឋត្រឹមតែ ២៨,៣% ប៉ុណ្ណោះដែលបានបង្ហាញពីផែនការច្បាស់លាស់ក្នុងការមានកូន ហើយពលរដ្ឋ ៤៦% មិនមានផែនការយកកូនទាល់តែសោះ ខណៈក្រុមពលរដ្ឋដែលនៅសល់ផ្សេងៗទៀតបានឆ្លើយថា ពួកគេមិនទាន់សម្រេចចិត្តនៅឡើយទេក្នុងការយកឬក៏អត់ ខណៈជម្រើសមួយនេះអាចកើតមានឡើងឬក៏អត់អាស្រ័យទៅតាមស្ថានជាក់ស្តែងបន្ទាប់ពីពួកគេរៀបការរួច៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: