ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំឱ្យប្រជាពលរដ្ឋ បញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេរបស់រថយន្តធំៗ ព្រោះអាចបង្កគ្រោះថ្នាក់

BY
Khmernote Media
March 18, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជននិងកុមារ បញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេ បែបភ្លេងរបស់រថយន្តធំៗ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់បាន។

តាមរយៈខ្លឹមសារបង្ហោះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ ខ្ញុំសូមណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសខ្ញុំសូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងប្អូនៗ និងក្មួយៗដែលជាអ្នកបើកបររថយន្តធំៗ ត្រូវដាក់ស៊ីផ្លេឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងជៀសវាងការប្រើប្រាស់ស៊ីផ្លេដែលនាំឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។ ហើយក៏សូមអាណាព្យាបាលចូលរួមសហការ និងធ្វើការណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវ៕

ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

Share This Post: