ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងនគរបាលខេត្តកំពង់ចាម ធ្វើការសូមទោសជាសាធារណៈ ដែលពាក់ស្បែកជើងចូលក្នុងព្រះវិហារ

    BY Khmernote Media March 18, 2024
    លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងនគរបាលខេត្តកំពង់ចាម ធ្វើការសូមទោសជាសាធារណៈ ដែលពាក់ស្បែកជើងចូលក្នុងព្រះវិហារ

    ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញលិខិតសូមទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជុំវិញករណីពាក់ស្បែកជើងចូលព្រះវិហារ ស្ថិតនៅវត្តទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

    តាមរយៈខ្លឹមសារក្នុងលិខិតសូមទោសជាសាធារណៈរបស់​ លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង ០៩៖០០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកបានចូលរួមជាមួយក្រុមការងារចម្រុះ ដឹកនាំដោយ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដើម្បីចុះត្រួតពិនិត្យទីតាំងរៀបចំ និងត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ពិធីបុណ្យឆ្លងសមិទ្ធផលនានារបស់វត្ត ទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយខណៈនោះ រូបលោកនិងថ្នាក់ដឹកនាំ បានត្រួតពិនិត្យជុំវិញបរិវេណវត្ត បន្ទាប់មកក៏បន្តឡើងទៅត្រួតពិនិត្យក្នុងព្រះវិហារ តែដោយស្ថានភាពប្រញាប់ ប្រញ៉ាល់ គួបផ្សំនឹងការធ្វេសប្រហែសរបស់លោក ធ្វើឲ្យភ្លេចខ្លួន មិនបានដោះស្បែកជើងមុននឹងចូលទៅ ក្នុងព្រះវិហារ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ តម្លៃសីលធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនាជាទី ជាទីគោរពសក្ការៈ។

    លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ បានបន្ថែមទៀតថា៖ រូបលោកមានការសោកស្តាយយ៉ាងខ្លាំង និងទទួលស្គាល់កំហុសឆ្គងដែលកើតឡើងដោយអចេតនា និងសូមគោរពសុំខមាទោសដោយស្មោះ ចំពោះ ព្រះសង្ឃគ្រប់អង្គ សម្តេចតេជោ សម្តេចបរវធិបតី ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសាធារណជនទាំងអស់ ដោយសន្យាថា និងមិនឲ្យកើតមានកំហុសឆ្គងបែបនេះបន្តទៀតឡើយ។

    សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះសារពាក់ព័ន្ធករណី លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ដែលបានពាក់ស្បែកជើងចូលក្នុងព្រះវិហារ ហើយត្រូវបានចែកចាយក្នុងបណ្ដាញសង្គម រងការរិះគន់យ៉ាងព្រោងព្រាតពីមហាជន ក្នុងនោះតាមរយៈសំណេរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ។ សង្ឃឹមថាថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះ នឹងរៀបចំឋានៈនិងកាំប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋានៈនោះឡើយ» ៕

    ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

    Share This Post:
    MPO4D jitutoto mpo4d Mpoplay