ព័ត៌មានជាតិ

បងប្អូនប្រជាពលរដ្ឋ ដែលមានក្រដាសប្រាក់ចាស់ ទក់ ឬរហែក អាចទៅប្ដូរក្រដាសប្រាក់ថ្មី នៅធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី២០-២៩ ខែមីនា

BY
Khmernote Media
March 19, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែមីនា ឆ្នាំ២០២៤។

ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” ដោយទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។ សាធារណជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំង ប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ។

សូមបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់ រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា ជូនសាធារណជន នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១៖០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅ ក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ។

ធនាគារជាតិនៃកម្ពុជា សូមឱ្យសាធារណជនចូលរួមចំណែក ប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia

Share This Post: