ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក បញ្ជាក់ថា ក្នុងខែមេសា និងដើមរដូវវស្សានេះ កម្ពុជាបន្តកើនឡើងកម្ដៅដល់ ៣៨អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

BY
Khmernote Media
March 20, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុសម្រាប់ខែមេសា-ឧសភា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក បន្ទាប់ពីបានធ្វើការតាមដានវិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក អំពីស្ថានភាពអាកាសធាតុរដូវប្រាំងនៅក្នុងខែមេសា និងដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖

១-បាតុភូតសកល
យោងទៅលើស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័រ
បង្ហាញឱ្យឃើញថា៖
-ចាប់ពីខែមេសាដល់ខែឧសភា បាតុភូតអែលនីញ៉ូ (El Nino) នឹងថយចុះរហ័ស ពីកម្រិត ៨០ភាគរយ ក្នុងខែមេសា មកនៅត្រឹមកម្រិត ២៥ភាគរយក្នុងខែឧសភា។

-ដោយឡែកបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) នឹងកើនឡើងដល់កម្រិត៧០ភាគរយនៅ ក្នុងខែឧសភា។

២-ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា
សីតុណ្ហភាពនៅបន្តខ្ពស់ជាងមធ្យម ដែលសីតុណ្ហភាពមធ្យមអប្បបរមា ២៦ និងសីតុណ្ហភាពមធ្យម អតិបរមា៣៨°C ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅខ្លាំង។ អាចមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។

យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន។ ក្រសួង ធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: