កាកសំណល់ប្រមាណជាង ៨០តោន ត្រូវបានប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ គិតចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤
- March 20, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កាកសំណល់ប្រមាណជាង ៨០តោន ត្រូវបានប្រមូលចេញ ពីទន្លេ ក្នុងរាជធានីភ្នំពេញ គិតចាប់ពីខែតុលាឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ តាមរយៈទូកកំចាត់សំរាម ដោយមានការចូលរួមពីប្រជាពលរដ្ឋ នៅក្នុងសហគមន៍ មូលដ្ឋានតាមដងទន្លេ ជាភ្នាក់ងារប្រមូលសំរាមរបស់អង្គការ នេះបើតាមការឱ្យដឹងពីលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេសមុទ្រ (ROC)។

សម្ពោធបេសកកម្មសំអាតទន្លេ រយៈពេល ៥ឆ្នាំ នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ បេសកម្មសំអាតទន្លេ រយៈពេល៥ឆ្នាំ ចាប់ពី២០២៣ ដល់ឆ្នាំ២០២៨ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានឱ្យដឹងថា “បេសកកម្មនេះ ស្របតាមយុទ្ធសាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី០៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍន៍ជាតិ និង គាំទ្រដល់យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងចីរភាព និងរួមចំណែកដល់ យុទ្ធនាការទឹកស្អាត ការកាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព“។
ឯកឧត្តម បានលើកឡើង ដោយបញ្ជាក់ថា៖ ការទទួលជោគជ័យ ទៅបាននៃបេសកម្មនេះចាំបាច់ណាស់ ត្រូវតែមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់។ការចូលរួមក្នុងការប្រមូលសំរាមតាមដងទន្លេ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅរកទន្លេដែលគ្មានការបំពុលដោយថង់ប្លាស្ទិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ បេសកកម្ម នឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច នៃសហគមន៍ដែលរងផលប៉ះពាល់នៅតាមដងទន្លេ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន និងតាមសាលារៀន។
លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានលើកឡើងថា “យើងអាចសំអាត កាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលតែពី៥ ទៅ ៦ឆ្នាំបាន ប៉ុន្តែដើម្បីរក្សាទន្លេឲ្យមានអនាម័យជារៀងរហូត ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹងច្បាប់គឺជាគន្លឹះដ៏សំខាន់ដែលត្រូវអនុវត្តន៍”។
លោក ថា ជាទូទៅយើងប្រមូលសំរាមផងយើងអប់រំផង។ការប្រមូលសំរាមនេះយើងបានប្រមូលពីទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងទន្លេសាបក្នុងរាជធានីភ្នំពេញផងដែរ។មកដល់ពេលនេះគឺយើងប្រមូលបានជា១៦០០តោននៃសំរាមពិសេសប្លាស្ទិកត្រូវបានប្រមូលចេញពីទន្លេរបស់យើង។ការប្រមូលសំរាមនេះយើងបានទូកពីប្រទេសអាល្លឺម៉ង់ និងពេលនេះយើងបានទូកពិសេសមួយទៀតបានចូលជំនួសបន្ថែមទៀត ហើយសំរាមទាំងនេះត្រូវបានយកទៅបំលែងជាថាមពលនៅរោងចក្រស៊ីម៉ង់ដែលមានន័យថាសំរាមទាំងអស់ស្មើនឹង០ដោយមិនបង្កការប៉ះពាល់ដល់ទឹកដែលវាសមស្របទៅនឹងយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថានដែលមានន័យថាធ្វើឱ្យស្អាតទាំងទឹកស្អាតដី និងស្អាតខ្យល់។
លោក Dato Sean H’ng នៃក្រុមហ៊ុន Leader Energy បានឱ្យដឹងថា“ការរួមសហការគ្នាវាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចចក្រា ឱ្យមានភាពល្អប្រសើរ និងការថែទាំសហគមន៍។ តាមរយៈបេសកកម្មនេះ យើងមានបំណងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិរបស់ពួកគេផងដែរ”។
គួរបញ្ជាក់ថាក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុន Leader Energy និង អង្គការសំអាតទន្លេ សមុទ្រ ដែលបានចាប់ផ្តើមនៅចុងឆ្នាំ ២០២៣ បានក្លាយជាជំហ៊ាន ដ៏សំខាន់មួយឆ្ពោះទៅរកការការពារ ប្រព័ន្ធអេកូឡូស៊ី ទន្លេជាប្រភពទឹកដ៏សំខាន់របស់កម្ពុជា។គំនិតផ្តួចផ្តើមរួមគ្នានេះគ្រោងនឹងដំណើរការរហូតដល់ឆ្នាំ២០២៨ហើយរួមបញ្ចូលផែនការដ៏ទូលំទូលាយមួយ ដែលរួមមានប្រតិបត្តិការសំអាតតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងកម្មវិធីអប់រំដែលផ្តោតលើការអប់រំការយល់ដឹងអំពីការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋសហគមន៍នៅក្នុងមូលដ្ឋាន។ជាមួយនឹងការគាំទ្រថវិការ ដែលមានទឹកប្រាក់សរុបចំនួន ៤៦៦០០០ ដុល្លារសហរដ្ឋអាមេរិក៕




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post:






