ព័ត៌មានជាតិ

ក្រសួងធម្មការ ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ល្បែងស៊ីសង និងគ្រឿងផ្ទុះ ក្នុងវត្តអារាម អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

BY
Khmernote Media
March 21, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយនិងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ។

ដើម្បីរៀបចំពិធីបុណ្យឱ្យរក្សាបានប្រពៃណីទំនៀមទម្លាប់របស់ជាតិគង់វង្ស និងប្រកបដោយភាពរុងរឿងនោះ ក្រសួងសូមធ្វើការណែនាំមន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ដូចខាងក្រោម៖

– ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្តអារាម ឱ្យយកព្រះហឫទ័យទុកដាក់សម្អាតនិងតុបតែងលម្អវត្តអារាមដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ និងសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធី បុណ្យសាសនាតាមវត្តអារាមស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធី ស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។

– ណែនាំទៅគ្រប់វត្តអារាមចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន ស្តូបតាមវត្តអារាម។

– ណែនាំគ្រប់វត្តអារាមឱ្យសហការនិងបង្កលក្ខណៈងាយស្រួលជូនក្រសួង ស្ថាប័ន អង្គភាព មន្ទីរ ពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រៀបចំលេងល្បែងប្រជាប្រិយនានាក្នុងវត្តអារាមដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ហើយរាល់ការលេងល្បែងនិងរបាំប្រជាប្រិយឱ្យត្រឹមត្រូវតាមក្បួនខ្នាតលក្ខណៈប្រពៃណីជាតិខ្មែរ និងប្រកបដោយសុវត្ថិភាព

– ណែនាំគ្រប់វត្តអារាមមិនត្រូវឱ្យមានការលេងល្បែងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើម

– ណែនាំនៅគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និង គ្រឿងឆេះផ្សេងៗ

– គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ត្រូវរៀបចំតាំងព្រះឆាយាលក្ខណ៍ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងប្រារព្ធពិធីបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ៕


ប្រភព៖ ក្រសួងធម្មការនិងសាសនា

Share This Post: