ព័ត៌មានជាតិ

សាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួន ជនត្រូវចោទបន្ថែមក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន របស់ជនសង្ស័យ ឡេង ចាន់ណា

BY
Khmernote Media
March 21, 2024

ខេត្តសៀមរាប៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ យោងតាមសេចក្តីថ្លែងការណ៍របស់ សាលាដំបូងខេត្តសៀមរាប ស្តីពីការនាំខ្លួន និងឃុំខ្លួនជនត្រូវចោទបន្ថែមក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន របស់ជនសង្ស័យ ឡេង ចាន់ណា។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២ រូប រួមមាន៖ ឈ្មោះ អ៉ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយ ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងបទ «សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។​

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០២ រូប ខាងលើ ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ជូនបន្ថែមថា សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់ជាធរមាន។ សាលាដំបូងខេត្តសៀមរាបនឹងជម្រាប ជូនព័ត៌មានជាបន្តបន្ទាប់ក្រោយទៀត នៅពេលមានចំណាត់ការថ្មី៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

Share This Post: