គ្រូបារមីចំនួន ៨រូបហើយ បានចុះកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះវីដេអូ តាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គ្រូបារមីចំនួន ៨រូបហើយ បានចុះកិច្ចសន្យាបញ្ឈប់សកម្មភាព ការបង្ហោះវីដេអូ តាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។

បន្ទាប់ពីគ្រូបារមីចំនួន ៦រូបបានចុះកិច្ចសន្យាបញ្ឈប់សកម្មភាពការបង្ហោះវីដេអូ តាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលថ្មីៗនេះមានគ្រូ ស៊ូ សេងហ៊ួ និងគ្រូ ណុប សក្កដា (គ្រូផេះ គ្រូអង្កាម) ដែលតាំងខ្លួនជាគ្រូបារមី អូមអាមនោះ បានចុះកិច្ចសន្យា ជាមួយប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ ឈប់បង្ហោះវីដេអូ តាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនិងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ តាមណែនាំរបស់ក្រសួងធម្មការ និងសាសនា ដែលបានណែនាំដល់មន្ទីរធម្មការ និងសាសនារាជធានីខេត្ត តាមដានពិនិត្យមើលលើជំនឿបារមីផ្សេងៗ ដែលគ្មានមូលដ្ឋាន, ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃសាសនា។
ជាមួយគ្នានេះដែរ ក្រសួងធម្មការនិងសាសនា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ បញ្ឈប់ការបង្ហោះវីដេអូចាស់ៗ កន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន៕

