អន្តរជាតិ

គម្រោង “ធ្វើការងារត្រឹម ៤ថ្ងៃ/១សប្តាហ៍” កំពុងក្លាយជាប្រធានបទក្តៅនៅអាមេរិក

BY
Pheakdey
March 26, 2024

អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា គម្រោងកាត់បន្ថយម៉ោងធ្វើការងារឱ្យនៅតិចជាងមុនបានកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅសហរដ្ឋអាមេរិក​ ដោយប្រធានបទនេះមានការជជែកវែកញែកគ្នាចាប់តាំងពីនៅក្នុងចំណោមសាធារណៈជនទូទៅ ក្រុមអ្នកជំនាញ និងរហូតដល់ក្រុមអ្នកនយោបាយជាន់ខ្ពស់អាមេរិកផងដែរ។ បើតាមលោក Bernie Sanders សមាជិកព្រឹទ្ធសភាអាមេរិក និងជាប្រធានគណៈកម្មាធិការសុខភាព អប់រំ ការងារ និងសោធននិវត្តន៍នៅព្រឹទ្ធសភាបានលើកឡើងថា ការកាត់បន្ថយម៉ោងធ្វើការងារពី ៤០ម៉ោងមកសល់ត្រឹម ៣២ម៉ោងក្នុងមួយសប្តាហ៍ដោយរក្សាប្រាក់ខែដដែលគឺជារឿងល្អបំផុតសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្ននេះ។

លោក Bernie Sanders បានបន្តថា លោកធ្លាប់បានដាក់សំណើបង្កើតច្បាប់កាត់បន្ថយម៉ោងធ្វើការងារទៅកាន់រដ្ឋាភិបាលអាមេរិកអស់រយៈពេល ៤ឆ្នាំមកហើយ ខណៈកាលពីថ្ងៃទី​១៤ ខែមីនានេះលោកក៏បានដាក់សំណើដដែលនេះម្តងទៀតផងដែរ តែរហូតមកទល់នឹងពេលនេះគម្រោងច្បាប់ដ៏ចម្រូងចម្រាសមួយនេះនៅតែស្ថិតនៅក្នុងការពិចារណាដដែល។ បើតាមលោកស្រីសាស្រ្តាចារ្យ Juliet Schor ដែលជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងសង្គមវិទ្យានៃសាកលវិទ្យាល័យ Boston បានលើកឡើងថា នៅក្នុងការសិក្សាមួយរបស់គាត់បានបង្ហាញថាការបន្ថយម៉ោងធ្វើការងារមកសល់ត្រឹម ៣២ម៉ោងក្នុងមួយសប្តាហ៍ ឬធ្វើការងារ ៤ថ្ងៃក្នុងមួយសប្តាហ៍បានជំរុញឱ្យក្រុមបុគ្គលិកមានស្មារតីស្វាហាប់និងអារម្មណ៍ល្អ ដែលជាកត្តាជំរុញឱ្យការងាររបស់ពួកគេមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ជាមួយគ្នានេះការសិក្សាជាច្រើនបានបង្ហាញថា ក្រុមបុគ្គលិកនិងកម្មករនៅអាមេរិកភាគច្រើនសុទ្ធតែគាំទ្រគម្រោងធ្វើការងារត្រឹម ៤ថ្ងៃ ឬ ៣២ម៉ោងក្នុងមួយសប្តាហ៍ ដោយពួកគេបានអះអាងថា គម្រោងនេះគឺល្អសម្រាប់សុខភាពពលរដ្ឋជាទូទៅ​ ខណៈម៉ោងការងារលើសពីនេះគួរតែរាប់បញ្ចូលជាម៉ោងការងារបន្ថែម (Over Time) ដែលពួកគេមានសិទ្ធជ្រើសរើសក្នុងការធ្វើវាឬក៏អត់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: