សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យ ក្រសួងវប្បធម៌ រៀបចំឯកសារសម្រាប់ដាក់ពាក្យ «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយ
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទាក់ទងជាមួយរឿង «សង្ក្រាន្ត» ថា ការព្រួយបារម្ភរឿង «សង្ក្រាន្ត» ជារឿងមួយត្រឹមត្រូវ អត់ខុសនោះទេ ប៉ុន្ដែកម្ពុជានៅតែមានសិទ្ធិប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ទោះបីថៃចុះពាក្យនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ ហើយឆ្នាំនេះការរៀបចំសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់តែសប្បាយនៅតាមខេត្តនានា។
លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារសម្រាប់ដាក់ពាក្យ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយ ដើម្បីអោយនៅកម្ពុជាអាចចូលបេតិកភណ្ឌអរូបិយបាននៅឆ្នាំ២០២៦។
ជាចុងក្រោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ញើសារថា “កម្ពុជាមិនបានធ្វេសប្រហេស ឱ្យប្រទេសណាមកយកនូវអ្វីដែលជាវប្បធម៌របស់ខ្មែរយើងដោយមិនមានការការពារ ជាពិសេស «សង្ក្រាន្ត» គឺមិនមានអ្វីដែលត្រូវបាត់បង់នោះទេ”៕






អត្ថបទ៖ និស្ស័យ
ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia