ហ្វីលីពីនសម្រេចបិទសាលារៀនរាប់រយកន្លែងដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ
- BY
- Pheakdey
- April 2, 2024
ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលារៀនរាប់រយកន្លែងដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២ ខែមេសានេះ។ វិធានការបិទសាលារៀនជាបណ្តោះអាសន្ននេះត្រូវបានអនុវត្តចំពោះសាលារៀនណាដែលបានរងនូវការវាយប្រហារដោយរលកកម្តៅក្នុងកម្រិតខ្ពស់តែប៉ុណ្ណោះ ខណៈនៅក្នុងនោះក៏មានសាលារៀនមួយចំនួនមានទីតាំងស្ថិតនៅក្នុងទីក្រុងម៉ានីល ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីនផងដែរ។
ប្រភពខាងលើបានបន្តថា វិធានការបិទសាលារៀនខាងលើនេះត្រូវបានដាក់ចេញក្រោយសីតុណ្ហភាពនៅតាមតំបន់មួយចំនួនក្នុងប្រទេសហ្វីលីពីនបានកើនឡើងរហូតដល់ ៤៣អង្សាសេ ខណៈការកើនឡើងសីតុណ្ហភាពនេះត្រូវបានគេព្យាករណ៍ថានឹងបន្តកើនមានជាច្រើនបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរហ្វីលីពីននៅមិនទាន់រកឃើញមានពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ពីបញ្ហារលកកម្តៅនេះនៅឡើយទេ តែអាជ្ញាធរបានធ្វើការណែនាំឱ្យក្រុមពលរដ្ឋងាយរងគ្រោះមួយចំនួនដូចជាកុមារ និងមនុស្សវ័យចំណាស់គួរកាត់បន្ថយការធ្វើសកម្មភាពនៅខាងក្រៅឱ្យបានច្រើនបើមិនមានរឿងចាំបាច់ត្រូវធ្វើនោះទេ បើមិនដូចនោះទេពួកគេអាចនឹងកើតមានបញ្ហាសុខភាពមួយចំនួនដែលបង្កឡើងដោយសារតែរលកកម្តៅ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: