អន្តរជាតិ

ថៃទាញសញ្ញាគ្រោះថ្នាក់ចំពោះករណីមានទឹកអាស៊ីត៣០តោនហូរពីប្រទេសឡាវមកកាន់ប្រទេសថៃតាមរយៈទន្លេមេគង្គ

BY
Pheakdey
April 7, 2024

ថៃ៖ អាជ្ញាធរថៃបានទាញសញ្ញាព្រមានមួយអំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីករណីធ្លាយទឹកអាស៊ីតពីប្រទេសឡាវហូរចូលមកកាន់ប្រទេសថៃតាមរយៈទឹកទន្លេមេគង្គ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអាទិត្យ ទី៧ ខែមេសានេះ។ បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរថៃបានបញ្ជាក់ថា ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗពលរដ្ឋថៃដែលកំពុងរស់នៅតាមបណ្តាខេត្តចំនួន៧ ក្បែរព្រំដែនជាមួយប្រទេសឡាវនិងមានទន្លេមេគង្គហូរឆ្លងកាត់ទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹកទន្លេ ការធ្វើសកម្មភាពនេសាទ ឬសកម្មភាពផ្សេងៗនៅលើផ្ទៃទឹកទន្លេចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសានេះ។

ខេត្តទាំង ៧របស់ថៃដែលត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើ​ប្រាស់ទឹកទន្លេមេគង្គនោះរួមមាន ខេត្តLoei ខេត្តNong Khai ខេត្តBueng Kan ខេត្តNakhon Phanom ខេត្តMukdahan ខេត្តAmnat Charoen និង​ ខេត្តUbon Ratchathani។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរនៅមិនទាន់អាចបញ្ជាក់ពីកម្រិតគ្រោះថ្នាក់របស់ទឹកទន្លេមេគង្គនៅតាមបណ្តាខេត្តទាំងអស់នេះបាននៅឡើយទេ ដ្បិតសារធាតុអាស៊ីតនៅមិនទាន់បានហូរមកដល់ផ្ទៃទឹកទន្លេមេគង្គនៅក្នុងប្រទេសថៃនៅឡើយទេ ខណៈអាជ្ញាធរថៃកំពុងតែតាមដានស្ថានការណ៍មួយនេះយ៉ាងយកចិត្តទុកដាក់បំផុត។ សូមបញ្ជាក់ជូនថា កាលពីពេលថ្មីៗនេះមានសាឡាងដឹកអាស៊ីតស៊ុលហ្វួរីកចំនួន៣០តោនមួយគ្រឿងបានក្រឡាប់នៅក្នុងទន្លេ Nam Khan នៃប្រទេសឡាវ ហើយក្រោយពេលក្រឡាប់ទឹកអាស៊ីតទាំងអស់នោះក៏បានធ្លាយចូលទៅក្នុងទន្លេ ខណៈទន្លេនេះក៏មា​នខ្សែទឹកត្រូវហូរចូលទៅក្នុងទន្លេមេគង្គក្នុងប្រទេសឡាវនិងបន្តហូរឆ្លងដែនចូលមកក្នុងទន្លេមេគង្គក្នុងប្រទេសថៃផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: