អន្តរជាតិ

អាជ្ញាធរថៃចេញមកបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គក្រោយមានករណីអាស៊ីត៣០តោនហូរពីប្រទេសឡាវមក

BY
Pheakdey
April 9, 2024

ថៃ៖ អាជ្ញាធរថៃបានជូនដំណឹងជាថ្មីថា ទឹកអាស៊ីតដែលបានធ្លាយចូលក្នុងទឹកទន្លេនៅប្រទេសឡាវនោះគឺនៅមិនទាន់ហូរមកដល់ប្រទេសថៃនៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមេសានេះ។ បើតាមលោក Somsak Thepsutin ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការទន្លេមេគង្គជាតិថៃបានបញ្ជក់ថា គិតត្រឹមយប់ថ្ងៃចន្ទនេះស្ថានភាពទឹកទន្លេមេគង្គនៅក្នុងប្រទេសថៃគឺនៅមានសុវត្ថិភាព១០០% ពោលគឺពលរដ្ឋនៅតែអាចប្រើប្រាស់ទឹកទន្លេបានជាធម្មតា។

យ៉ាងណាក្តីលោក Somsak Thepsutin បញ្ជាក់ថា វិធានការប្រុងប្រយ័ត្ននិងការពារត្រូវតែបន្តធ្វើឡើង ខណៈក្រុមអ្នកជំនាញកំពុងតែតាមដានស្ថានភាពទឹកទន្លេមេគង្គយ៉ាងយកចិត្តដាក់បំផុត ហើយក្នុងករណីដែលបានគេរកឃើញពីភាពប្រែប្រួលនៃគុណភាពទឹកទន្លេក្នុងកម្រិតណាមួយនោះគឺខាងអាជ្ញាធរនឹងធ្វើការជូនដំណឹងភ្លាមៗតែម្តង។ សូមបញ្ជាក់ជូនថា បញ្ហាខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃពុធសប្តាហ៍មុនម្លេះដោយមានសាឡាងមួយគ្រឿងដឹកទឹកអាស៊ីតស៊ុលហ្វួរីកចំនួន ៣០តោនបានក្រឡាប់នៅក្នុងទឹកទន្លេ Nam Khan នៃប្រទេសឡាវ ហើយក្រោយពេលក្រឡាប់ទឹកអាស៊ីតទាំងអស់នោះក៏បានធ្លាយចូលទៅក្នុងទន្លេ ខណៈទន្លេនេះក៏មា​នខ្សែទឹកត្រូវហូរចូលទៅក្នុងទន្លេមេគង្គក្នុងប្រទេសឡាវនិងបន្តហូរឆ្លងដែនចូលមកក្នុងទន្លេមេគង្គក្នុងប្រទេសថៃផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: