ក្មេងប្រុសម៉ាឡេស៊ីអាយុ ៣ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយសារខ្យល់គរ ក្រោយរូបគេបានចូលទៅសម្ងំលេងក្នុងរថយន្តចតចោលក្រោមកម្តៅថ្ងៃក្ដៅខ្លាំងរយៈពេល ២-៣ម៉ោង ខណៈម្តាយកំពុងរវល់ធ្វើម្ហូប
- BY
- Pheakdey
- April 9, 2024
ម៉ាឡេស៊ី៖ ក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារខ្យល់គរ ក្រោយរូបគេបានចូលទៅសម្ងំលេងនៅក្នុងរថយន្តអស់រយៈពេល ២-៣ម៉ោង ទាំងអាកាសធាតុកំពុងតែក្តៅខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz កាលពីពេលថ្មីៗនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Kampung Teluk នៃរដ្ឋ Kelantan ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។

ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេុតនោះម្តាយរបស់កុមារារងគ្រោះបានទៅលេងផ្ទះម្តាយឪពុករបស់គាត់ ហើយក្រោយពេលទៅដល់ភ្លាមកុមារារងគ្រោះនិងបងរបស់គេ ក៏បាននាំគ្នារត់លេងនៅទីធ្លាមុខមុខផ្ទះ និងថែមទាំងបាននាំគ្នាចូលទៅលេងក្នុងរថយន្តរបស់ជីតាពួកគេដែលកំពុងចតចោលនៅមុនផ្ទះផងដែរ។ ឃើញក្មេងៗនាំគ្នារត់លេងយ៉ាងសប្បាយដូចនេះ ក្រុមមនុស្សចាស់ៗក៏នាំគ្នាធ្វើម្ហូបនៅផ្ទះបាយ និងរវល់ជាមួយកិច្ចការរៀងៗខ្លួន ហើយពួកគាត់ហាក់ភ្លេចខ្លួនមិនបានចាប់អារម្មណ៍ជាមួយនឹងក្មេងៗឡើយ ដោយម្នាក់ៗគិតថា ប្រហែលជាអ្នកនេះ ឫអ្នកនោះ កំពុងតែមើលក្មេងៗលេងហើយ។ ក្រោយភ្លេចខ្លួនមួយសន្ទុះ ស្រាប់តែក្មេងៗដែលកំពុងលេងនៅក្នុងរថយន្ត ក៏បានចាក់សោរទ្វាររថយន្តជាប់ហើយក៏នាំគ្នាបន្តលេងនៅក្នុងរថយន្តនោះក្រោមសីតុណ្ហភាពយ៉ាងក្តៅអស់រយៈពេល២-៣ម៉ោង។ នៅពេលដែលម្តាយរបស់ពួកគេចាប់ភ្លឹកទៅរកពួកគេនោះស្រាប់តែកុមារារងគ្រោះ បានកំពុងតែក្អួតនៅក្នុងរថយន្តទៅហើយ និងក្រោយមកកុមារារងគ្រោះក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែរ តែជាអកុសលរូបគេនៅតែត្រូវស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






