អន្តរជាតិ

អាជ្ញាធរសិង្ហបុរី ដាក់ចេញបទបញ្ជាពិន័យកូនសិស្សសាលាដែលជក់បារីអេឡិចត្រូនិចជាប្រាក់ជិត ​១,៥០០ដុល្លារ និងព្យួរការសិក្សា

BY
Pheakdey
April 10, 2024

សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានដាក់ចេញនូវបទបញ្ជាដ៏តឹងរឹងមួយជុំវិញករណីជក់បារីអេឡិចត្រូនិចក្នុងចំណោមកូនសិស្សសាលា​ដោយអាជ្ញាធរបានកំណត់ថា ប្រសិនបើខាងអាជ្ញាធរចាប់បានកូនសិស្សណាម្នាក់ជក់បារីអេឡិចត្រូនិចនោះ គឺអាជ្ញាធរនឹងធ្វើការពិន័យជាប្រាក់ចំនួន ២,០០០ដុល្លារសិង្ហបុរី ឬស្នើនឹង ១,៤៨០ដុល្លារអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការដាក់ចេញវិធានការដ៏តឹងរឹងខាងលើនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសិង្ហបុរីបានមើលឃើញថា ការជក់បារីអេឡិចត្រូនិចនៅក្នុងចំណោមក្រុមកូនសិស្សបានកំពុងតែក្លាយជារឿងដ៏ពេញនិយមមួយហើយចំនួនអ្នកជក់បានបន្តកើនឡើងខ្ពស់គួរកត់សម្គាល់។

ប្រភពខាងលើបានបន្តថា ក្នុងការសម្រេចចដាក់ចេញនិងការអនុវត្តចំពោះវិធានការខាងលើនេះ គឺមានក្រសួង និងស្ថាប័នចំនួន ៣របស់សិង្ហបុរី ដែលត្រូវធ្វើការងាររួមគ្នាមានដូចជា ក្រសួងសុខាភិបាល អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល និងក្រសួងអប់រំផងដែរ។ ចំពោះក្រសួងអប់រំវិញ ក៏បានដាក់បន្ថែមនូវបទបញ្ជាតឹងរឹងមួយចំនួនចំពោះសិស្ស ដែលត្រូវបានរកឃើញថា បានជក់បារីអេឡិចត្រូនិចផងដែរ ដូចជា ខាងសាលានឹងជូនដំណឹងទៅកាន់ឪពុកម្តាយ ព្យួរការសិក្សា ឬដាក់ទណ្ឌកម្មផ្សេងៗក្រោមការចោទប្រកាន់ថាបានបំពានទៅនឹងវិន័យ ឬ បទបញ្ជារបស់សាលារៀន។ សូមបញ្ជាក់ជូនថា បារីអេឡិចត្រូនិចត្រូវបានគេរចនាឡើងដោយមានភាពទាក់ទាញបំផុតសម្រាប់ក្រុមយុវវ័យ ខណៈបារីប្រភេទនេះអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព ពោលគឺវាមានគុណវិបត្តិជាងបារីធម្មតាជាច្រើនដង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: