WHO៖ មានមនុស្សជាង ៣,៥០០នាក់បានបាត់បង់ជីវិតជារៀងរាល់ថ្ងៃដោយសារមេរោគនៃជំងឺរលាកថ្លើម
- BY
- Pheakdey
- April 10, 2024
ហ្សឺណែវ៖ មានមនុស្សជាង ៣,៥០០នាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយសារមេរោគនៃជំងឺរលាកថ្លើម នេះបើយោងតាមរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៩ ខែមេសានេះ។ ជុំវិញការរកឃើញថ្មីនេះ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យពិភពលោកត្រូវចាត់វិធានការជាបន្ទាន់ដើម្បីឆ្លើយតបជាមួយនឹងមេរោគនៃជំងឺរលាកថ្លើម ខណៈគិតត្រឹមពេលនេះវាបានក្លាយជាមេរោគដែលបានសម្លាប់មនុស្សច្រើនបំផុតលំដាប់ទី២នៅលើពិភពលោកផងដែរ។

ប្រភពខាងលើបានបន្តថា លទ្ធផលនៅក្នុងរបាយការណ៍ខាងលើនេះគឺត្រូវបានគេសិក្សាទៅលើចំនួនអ្នកស្លាប់ដោយមេរោគនៃជំងឺរលាកថ្លើមដែលបានកើតឡើងនៅក្នុងបណ្តាប្រទេសចំនួន ១៨៧នៅជុំវិញពិភពលោកនៅក្នុងចន្លោះពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២២។ ក្នុងរបាយការណ៍បានបញ្ជាក់ថា នៅក្នុងរយៈពេល៣ឆ្នាំនេះនៅទូទាំងពិភពលោកមានអ្នកស្លាប់ដោយសារមេរោគនៃជំងឺរលាកថ្លើមសរុបចំនួនជាង ១,៣ពាន់លាននាក់ ដែលចំនួននេះមានការកើនឡើងយ៉ាងខ្ពស់បំផុតបើធៀបទៅនឹងតួលេខដែលគេធ្លាប់បានសិក្សានាពេលកន្លងមក។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់លម្អិតផងដែរថា នៅក្នុងចំណោមមនុស្សជាង ៣,៥០០នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារមេរោគនៃជំងឺរលាកថ្លើមជារៀងរាល់ថ្ងៃនោះគឺមាន ៨៣%បានស្លាប់ដោយសារជំងឺរលាកថ្លើមប្រភេទ B និង ១៧%បានស្លាប់ដោយសារជំងឺរលាកថ្លើមប្រភេទ C៕

អត្ថបទ៖ភក្តី
ប្រភព៖ The Strait Time
- Share This Post:






