ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ ធ្វើការបំភ្លឺក្រោយអ្នកស្រី ទ្រី ដាណា បង្ហោះសារត្អូញត្អែរ ពាក់ព័ន្ធករណីត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់

    BY Nisaiy KN April 28, 2024
    ស្នងការរាជធានីភ្នំពេញ ធ្វើការបំភ្លឺក្រោយអ្នកស្រី ទ្រី ដាណា បង្ហោះសារត្អូញត្អែរ ពាក់ព័ន្ធករណីត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់

    (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញស្រាយបំភ្លឺឆ្លើយតបទៅហ្នឹងការបង្ហោះសាររបស់ លោកស្រី ទ្រី ដាណា ជុំវិញករណី “កម្លាំងសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ រៀងរាល់ពេលគឺឡានខ្ញុំត្រូវតែចូលឆែកគ្រប់ពេលមិនថាឈឺស្កាត់យប់ព្រលប់មកពីមន្ទីរពេទ្យឬក៏មកពីផ្ទះខ្ញុំនៅហាងពេជ្រឬក៏មកពីធ្វើការអីគឺត្រូវតែចូលពិនិត្យជាតិអាកុលគ្រប់ពេល”។

    ខាងស្នងការដ្ឋាននគរបាល បានស្រាយបំភ្លឺថា៖ “ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺបកស្រាយជូនសាធារណជនមេត្តាជ្រាបថា: អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

    លុះដល់ម៉ោងប្រហែល ០០:៥៣នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃើញរថយន្ត០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2222 មានម៉ូតូ ០២គ្រឿង តាមពីក្រោយ ដោយធ្វើដំណើរពីត្បូងទៅជើង លុះរថយន្តនោះបានធ្វើដំណើរមកដល់ជិតគោលដៅសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង កម្លាំងសមត្ថកិច្ចបានធ្វើសញ្ញាឲ្យអ្នកបើកបររថយន្តចូលកន្លែងត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជារថយន្តនោះមិនបានសហការចូលមកកន្លែងត្រួតពិនិត្យ នឹងបានបត់ឆ្វេងមិនចូលគោលដៅត្រួតពិនិត្យ ភ្លាមនោះកម្លាំងសមត្ថកិច្ចសង្ស័យថារថយន្តនោះបើកគេចវេស ក៏បានដេញតាមហើយកាក់រថយន្តនោះឲ្យឈប់ និងអញ្ជើញអ្នកបើករថយន្តចូលសហការត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រមសហការនិងចូលមកកន្លែងត្រួតពិនិត្យហើយអ្នកបើករថយន្តបានដោះម៉ាសចេញទើបសមត្ថកិច្ចស្គាល់ថាជាស្វាមីរបស់លោកស្រី ទ្រី ដាណា ហើយគាត់ក៏បានសហការជាមួយសមត្ថកិច្ចដោយរលូនគ្មានការតវ៉ាអ្វីនោះទេ។

    បន្ទាប់មកក៏បានផ្លុំជាតិអាកុល ជាលទ្ធផលគាត់គ្មានផ្ទុកជាតិអាកុលក្នុងខ្លួននោះទេ។ កម្លាំងសមត្ថកិច្ច ក៏បានថ្លែងអំណរគុណដល់ម្ចាស់រថយន្តដែលព្រមសហការ និងអនុញ្ញាតឲ្យគាត់បន្តធ្វើដំណើរ។ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែន សុខ ឲ្យដឹងទៀតថា ការចុះអនុវត្តជាតិស្រវឹងតាមផែនការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺសមត្ថកិច្ចខណ្ឌសែនសុខ មិនបានចុះអនុវត្តជារៀងរាល់ថ្ងៃនោះទេ ក្នុង១សប្តាហ៍អនុវត្ត ០៤ដង គិតចាប់ពីម៉ោង ២៣:០០នាទី រហូតដល់ម៉ោង ០២:០០នាទី រំលងអធ្រាត្រ ហើយការចុះអនុវត្តគឺចល័តគោលដៅ។ ដោយនៅគោលដៅខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី កំណាត់ផ្លូវហាណូយនេះ គឺមួយអាទិត្យសមត្ថកិច្ចចុះត្រួតពិនិត្យ០២ដងប៉ុណ្ណោះ មិនដូចការលើកឡើងថាចុះចាប់រាល់ថ្ងៃនោះទេ។

    ដោយឡែក គឺចាប់តាំងពីសមត្ថកិច្ចខណ្ឌសែនសុខ ចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងរហូតមកដល់ពេលនេះ គឺសមត្ថកិច្ចយើងមិនដែលហៅត្រួតពិនិត្យរថយន្តលោកស្រីទ្រី ដាណា នោះទេ ទើបតែហៅ០១លើកនេះតែប៉ុណ្ណោះ កាលពីយប់មិញ នៅគោលដៅខាងលើ គឺស្វាមីគាត់ជាអ្នកបើកបរ។ ការចុះអនុវត្តរឹតបន្តឹងត្រួតពិនិត្យជាតិស្រវឹងគឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតការចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ គឺបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញឲ្យដឹងថាគឺមានប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសសង្កេតឃើញបទល្មើសចរាចរណ៍បានថយចុះផងដែរ។
    អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន”៕



    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: