អន្តរជាតិ

អារ៉ាប់រួមសម្រេចបិទសាលារៀននិងការិយាល័យជាច្រើនជាថ្មីម្តងទៀតព្រោះបញ្ហាទឹកជំនន់

BY
Pheakdey
May 3, 2024

អារ៉ាប់រួម៖ អាជ្ញាធរនៃប្រទេសអារ៉ាប់រួមបានសម្រេចបិទសាលារៀន និងការិយាល័យជាច្រើនជាថ្មីម្តងទៀតព្រោះតែបញ្ហាទឹកជំនន់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃទី២ ខែឧសភានេះ។ ការទាញសញ្ញាគ្រោះថ្នាក់នៃទឹកជំនន់នៅពេលនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសវាលខ្សាច់មួយនេះបានប្រឈមជាមួយនឹងបញ្ហាទឹកជំនន់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនោះទេកាលពី ២សប្តាហ៍កន្លងទៅនេះ។

យ៉ាងណាក្តី អាជ្ញាធរនៃប្រទេសអារ៉ាប់រួមបានបញ្ជាក់ថា ទឹកជំនន់ដែលបង្កឡើងដោយសម្ពាធទឹកភ្លៀងនៅពេលនេះមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជាទឹកជំនន់ដែលបានកើតឡើងកាលពីពាក់កណ្តាលខែមេសាឡើយ ដ្បិតទឹកភ្លៀងដែលកំពុងធ្លាក់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានកម្រិតកម្ពស់ត្រឹមតែ ៥០មីលីម៉ែត្រប៉ុណ្ណោះ ខណៈកម្ពស់ទឹកភ្លៀងកាលកន្លះខែមុនគឺមានកម្រិតរហូតដល់ ២៥៩,៥ មីលីម៉ែត្រឯណោះ។ គួររម្លឹកជូនថា ទឹកជំនន់ដែលបានវាយប្រហារប្រទេសអារ៉ាប់រួមកាលពីពេលថ្មីៗនេះបានបណ្តាលឱ្យមានពលរដ្ឋនៅក្នុងប្រទេសអារ៉ាប់រួមចំនួន ៤នាក់ត្រូវស្លាប់បាត់បង់ជីវិត ហើយជើងហោះហើរជាង ២,០០០ជើងត្រូវបានលុបចោលជាបន្ទាន់ផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: