ស្រ្តីម្នាក់ពាក់ឯកសណ្ឋានជានគរបាលជាតិ ដែលរងការចោទប្រកាន់ថា ដើរបោកប្រាស់យកលុយប្រជាពលរដ្ឋ ពេលនេះបានចូលសារភាពពាក់ព័ន្ធករណីបោកប្រាស់ហើយ
(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ករណីស្រ្តីម្នាក់ពាក់ឯកសណ្ឋានជានគរបាលជាតិ ដែលរងការចោទប្រកាន់ថា ដើរបោកប្រាស់យកលុយប្រជាពលរដ្ឋ មិនមែនជានគរបាលនោះទេគឺជាជនឆបោក ពេលនេះបានចូលខ្លួនមកសារភាពហើយ។

បានបន្ថែមទៀតថា ជនសង្ស័យឈ្មោះ ឃុត ដាវី មានទីលំនៅផ្ទះលេខ១១បេ ផ្លូវ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ក្រោយការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ រួមមាន៖
*ទី១៖ឈ្មោះ ថៅ បូរី ភេទស្រី មានទីលំនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ មុខរបរបោះដុំបន្លែ និងម្ជូរនៅផ្សារព្រែកព្នៅ ទំនាក់ទំនងជាមួយជនល្មេីស រកសុីក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ២០១៨ ជនល្មេីសបានខ្ចីលុយចំនួន ៤,០០០ដុល្លារ កាលពីថ្ងៃទី០៣ ខែ៥ ឆ្នាំ២០២១
*ទី២៖ឈ្មោះ លី ពុធសិលា ភេទស្រី មានទីលំនៅ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរលក់បាយក្នុងផ្សារព្រែកព្នៅ ទំនាក់ទំនងជាមួយជនល្មេីសស្គាល់គ្នាក្នុងផ្សារ រកសុីជាមួយគ្នា ចាប់ពីខែ០៥ ឆ្នាំ២០២៣ បានខ្ចីលុយជនរងគ្រោះចំនួន ២១,២០០ដុល្លារ។
ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការតាមនីតិវិធី ទាក់ទិនករណីក្លែងជានគរបាល និងបន្លំជាកូនចៅរបស់លោក ព្រមទាំងករណីឆបោកប្រាក់៕


ប្រភព៖ Freshnews