អន្តរជាតិ

ថៃគ្រោងប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងប្រព័ន្ធគ្រប់គ្រងនៅព្រលានយន្តហោះដោយយកគំរូតាមព្រលានយន្តហោះអន្តរជាតិប៉េកាំង

BY
Pheakdey
May 13, 2024

ថៃ៖ ក្រសួងដឹកជញ្ជូនថៃកំពុងពិចារណាលើគម្រោងប្រើប្រាស់បញ្ញាសិប្បនិមិ្មត្ត (AI) ក្នុងកិច្ចការជាច្រើននៅតាមព្រលានយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃចន្ទ ទី១៣ ខែឧសភានេះ។ បើតាមលោក Suriya Jungrungreangkit ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃបានបញ្ជាក់ថា ក្នុងការអនុវត្តគម្រោងនៃការប្រើប្រាស់សិប្បនិមិ្មត្តនេះគឺថៃនឹងយកគំរូតាមព្រលានយន្តហោះអន្តរជាតិនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។

គួរកត់សម្គាល់ថា ការប្រកាសអំពីគម្រោងនៃការប្រើប្រាស់បញ្ញាសិប្បនិមិ្មត្តរបស់ថៃនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលលោក Suriya Jungrungreangkit បានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការដោយផ្ទាល់នៅក្នុងព្រលានយន្តហោះអន្តរជាតិ​ប៉េកាំង (Beijing Capital International Airport) ដែលបានបំពាក់ទៅដោយបច្ចេកវិទ្យា AI យ៉ាងទំនើបបំផុត។ សូមបញ្ជាក់ជូនថា តាមរយៈប្រព័ន្ធគ្រប់គ្រងព្រលានយន្តហោះដំណើរការដោយបច្ចេកវិទ្យា AI នៅក្នុងទីក្រុងប៉េកាំងនោះគឺវាបានជួយឱ្យគេចំណេញពេលវេលាយ៉ាងច្រើនក្នុងកិច្ចការដែលមនុស្សធ្លាប់ធ្វើដូចជា ការត្រួតពិនិត្យឬរើអីវ៉ាន់របស់អ្នកដំណើរ ការសម្អាតកាប៊ីនយន្តហោះ និងកិច្ចការថែទាំងផ្សេងៗមុនពេលហោះហើរជាដើម៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: