អាជ្ញាធរកាណាដា ជម្លៀសពលរដ្ឋជាង ៦,០០០នាក់ ជាបន្ទាន់ដោយសារបញ្ហាភ្លើងឆេះព្រៃ
- BY
- Pheakdey
- May 15, 2024
កាណាដា៖ នៅតំបន់ភាគខាងត្បូងប្រទេសកាណាដា កំពុងតែប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃក្នុងកម្រិតដ៏ឆ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៥ ខែឧសភានេះ។ នៅចំពោះមុខបញ្ហាបន្ទាន់នេះ អាជ្ញាធរកាណាដា បានសម្រេចធ្វើការជម្លៀសពលរដ្ឋ នៅក្បែរតំបន់កើតហេតុប្រមាណជា ៦,០០០នាក់ឱ្យទៅរស់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយចៃដន្យ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកាណាដា បានបញ្ជាក់ថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃអស់ប្រមាណជា ១០,០០០ហិកតាហើយ ខណៈភ្លើងក៏កំពុងតែបន្តឆេះជិតដល់ក្រុង Fort McMurray ដែលជាក្រុងផលិតប្រេងដ៏ធំបំផុតរបស់ប្រទេសកាណាដាផងដែរ។ គួររម្លឹកជូនថា កាលពីឆ្នាំ២០១៦ ទីក្រុង Fort McMurray ក៏ធ្លាប់រងនូវការគំរាមគំហែងដោយបញ្ហាភ្លើងឆេះព្រៃម្តងដែរ ហើយឥទ្ធិពលរបស់ភ្លើងឆេះព្រៃ បានធ្វើឱ្យអាជ្ញាធរកាណាដាត្រូវបង្ខំចិត្តផ្អាកការផលិតប្រេងរាប់លានបារ៉ែលក្នុងមួយថ្ងៃៗ និងត្រូវបិទអស់ជាច្រើនថ្ងៃ ខណៈពេលនោះមានពលរដ្ឋរហូតដល់ជាង ៩០,០០០នាក់ ឯណោះដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






