អន្តរជាតិ

របាយការណ៍មួយបង្ហាញថា វៀតណាមខកខានមិនបានប្រើប្រាស់ជំនួយអន្តរជាតិចំនួន ២,៥ពាន់លានដុល្លារ ដោយសារភាពអសកម្មក្នុងប្រព័ន្ធរដ្ឋបាល

BY
Pheakdey
May 17, 2024

វៀតណាម៖ ប្រទេសវៀតណាមបានធ្វើឱ្យបាត់បង់ឬខកខានមិនបានទទួលយកប្រាក់ជំនួយអន្តរជាតិដែលមានតម្លៃជាទឹកប្រាក់ចំនួន ២,៥ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍រួមគ្នាមួយរបស់អង្គការសហប្រជាជាតិ ធនាគារពិភពលោក និងម្ចាស់ជំនួយលោកខាងលិច ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៧ ខែឧសភានេះ។ ការបាត់បង់ឱកាសទទួលយ​កប្រាក់ជំនួយទាំងនេះ គឺដោយសារតែភាពអសកម្មក្នុងប្រព័ន្ធរដ្ឋបាលវៀតណាម ហើយភាពអសកម្មនេះទៀតសោធ គឺវាបានកើតឡើងស្របពេលដែលវៀតណាមកំពុងអនុវត្តយុទ្ធនាការបង្រ្កាបអំពីពុករលួយទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

ប្រភពខាងលើបានបន្តថា ជំនួយអន្តរជាតិដែលមានតម្លៃជាទឹកប្រាក់ ២,៥ពាន់លានដុល្លារនោះ គឺត្រូវបានប្រទេសវៀតណាមចុះហត្ថលេខាប្រគល់ទៅកាន់ម្ចាស់ជំនួយវិញរួចរាល់ហើយ ក្រោយសុពលភាពនៃការប្រើប្រាស់ប្រាក់ជំនួយទាំងនេះបាន​ឈានដល់ពេលផុតកំណត់។ នៅក្នុងរាយការណ៍ដដែលនេះ ក៏បានឱ្យដឹងទៀតថា​ នៅពេលនេះគឺនៅមានចំនួនអភិវឌ្ឍន៍មានតម្លៃជាទឹកប្រាក់ចំនួន​ ១ពាន់លានដុល្លារផ្សេងទៀត ដែលកំពុងរង់ចាំវៀតណាមចុះហត្ថលេខាយកទៅប្រើប្រាស់ ខណៈវៀតណាមអាចនឹងខកខានក្នុងការទទួលយកកញ្ចប់ជំនួយនេះទៀត ប្រសិនបើប្រព័ន្ធរដ្ឋបាលវៀតណាមនៅតែប្រឈមនឹងបញ្ហាអសកម្ម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: