ថៃ នឹងពិន័យអ្នកលក់តុក្កតា Labubu គ្មានគុណភាពជាប្រាក់ជាង ១ម៉ឺនដុល្លារ ឬឱ្យជាប់ពន្ធនាគារ ៦ខែ
- BY
- Pheakdey
- May 18, 2024
ថៃ៖ អាជ្ញាធរថៃព្រមានចាត់វិធានការយ៉ាងធ្ងន់ធ្ងរបំផុតចំពោះក្រុមអ្នកនាំចូល និងក្រុមអ្នកលក់តុក្កតា Labubu គ្មានគុណភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ គួរកត់សម្គាល់ថា តុក្កតា Labubu កំពុងវាយលុកក្នុងទីផ្សារប្រទេសថៃយ៉ាងខ្លាំង ហើយទំនោរនៃការនាំគ្នាទៅទិញតុក្កតានេះទៀតសោធ គឺវាបានកើតឡើងក្រោយកំពូងតារាចម្រៀង K-pop សញ្ជាតិថៃ គឺអ្នកនាង Lisa បានបង្ហោះរូបថតមួយសន្លឹកដោយបានកាន់តុក្កតា Labubu នេះនៅលើបណ្តាញសង្គម Instagram របស់គាត់កាលពីពេលថ្មីនេះ។

ប្រភពខាងលើបានបន្តថា ក្រោយពលរដ្ឋថៃនិងជាពិសេសគឺក្រុមយុវវ័យបាននាំគ្នាសម្រុកទៅទិញតុក្កតា Labubu មកកាន់លេងនិងរក្សាទុកជាអនុសាវរីយ៍នោះ គេបានសង្កេតឃើញមានហាងជាច្រើនបានដាក់លក់តុក្កតាប្រភេទនេះក្នុងចំនួនយ៉ាងច្រើនរហូតធ្វើឱ្យអ្នកជំនាញថៃបានរម្ភថា ការផលិតតុក្កតា Labubu យ៉ាងច្រើននិងក្នុងរយៈពេលខ្លីដូចនេះ គឺទំនងជាត្រូវបានធ្វើឡើងដោយមិនគោរពទៅតាមស្តង់ដារឧស្សាហកម្មនោះទេ។
បើតាមវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃបានបញ្ជាក់ថា ការផលិតតុក្កតាដែលមានរោមទន់ៗប្រភេទនេះត្រូវតែគោរពទៅតាមស្តង់ដារសុវត្ថិភាពដែលបានកំណត់ក្នុងឧស្សាហកម្មវាយនភណ្ឌ បើមិនដូចនោះទេវាក៏អាចបង្កឱ្យមានបញ្ហាសុខភាពចំពោះអ្នកប្រើប្រាស់ផងដែរ។ ដើម្បីទប់ស្កាត់បញ្ហានេះអាជ្ញាធរបានសម្រេចដាក់ចេញវិធានការពិន័យជាប្រាក់ចំនួន ៥០០,០០០បាត (១៣,៨២៣ដុល្លារ) ឬឱ្យជាប់ពន្ធនាគាររយៈពេល ៦ខែ ចំពោះអ្នកនាំចូលឬលក់ទាំងឡាយណា ដែលបានលក់តុក្កតា Labubu គ្មានគុណភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






