អង់គ្លេសនឹងផ្តល់ប្រាក់សងជំងឺចិត្តសរុបជាង ១២ពាន់លានដុល្លារទៅកាន់ក្រុមជនរងគ្រោះពីការបញ្ចូលឈាមដែលមានផ្ទុកមេរោគអេដស៍និងជំងឺរលាកថ្លើមប្រភេទ C
- BY
- Pheakdey
- May 20, 2024
អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់ប្រាក់សងជំងឺចិត្តសរុបចំនួន ១០ពាន់លានផោន (១២,៧ពាន់លានដុល្លារអាមេរិក) ទៅកាន់ក្រុមជនរងគ្រោះរាប់ម៉ឺននាក់ ដែលបានរងគ្រោះថ្នាក់ពីការបញ្ចូលឈាមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២០ ខែឧសភានេះ។ គ្រោះថ្នាក់ដែលបានកើតឡើងតាមរយៈការបញ្ចូលឈាមនោះគឺជាការបញ្ចូលឈាមដែលមានផ្ទុកទៅដោយមេរោគនៃជំងឺអេដស៍ ឬជំងឺរលាកថ្លើមប្រភេទ C។

សូមបញ្ជាក់ជូនថា បើទោះជារឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី តែក្រុមគ្រួសារបស់ជនរងគ្រោះនៅបន្តទាមទារស្វែងរកយុតិ្តធម៌រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះជាក់ស្តែងនៅក្នុងករណីគ្រោះថ្នាក់ដ៏ធំនេះមានចំនួនប្រមាណជា ៣០,០០០នាក់ ហើយគិតត្រឹមពេលនេះជនរងគ្រោះ ១០% ឬ ៣,០០០នាក់បានស្លាប់បាត់បង់ជីវិតរួចទៅហើយ ខណៈស្ថាប័នដែលជាអ្នកទទួលខុសត្រូវក្នុងការបញ្ចូលឈាមមានផ្ទុកមេរោគនេះគឺនាយកដ្ឋានសេវាសុខភាពជាតិ ដែលជាស្ថាប័នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអង់គ្លេស៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






