អន្តរជាតិ

លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Rais និងមន្ត្រីការបរទេសបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

BY
Pheakdey
May 20, 2024

ឌូបៃ៖ លោក Ebrahim Raisi ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ត្រូវបានបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភានេះរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតហើយក្រោយជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ព្រំដែនរវាងប្រទេសអ៊ឺរ៉ង់ និងប្រទេសអាស៊ែបៃហ្សង់។ ក្រៅតែពីលោកប្រធាធិបតី Ebrahim Raisi​ នៅក្នុងឧទ្ធម្ភាគចក្រនោះក៏មានមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួនទៀតដូចជា លោក Hossein Amirabdollahian រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Malek Rahmati ដែលជាអភិបាលខេត្ត East Azerbaijan ផងដែរ។

ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះបានកើតឡើងនៅក្នុងអំឡុងពេលដែលក្រុមមេដឹកនាំជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ទាំងនេះបានអញ្ជើញត្រលប់មកពីចូលរួមកម្មវិធីសម្ពោធទំនប់ទឹកមួយមួយកន្លែងនៅតំបន់ព្រំដែនជាប់ជាមួយប្រទេសអាស៊ែបៃហ្សង់ ខណៈកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីលោក Ilham Aliyev ដែលជាប្រធានាធិបតីនៃប្រទេសអាស៊ែបៃហ្សង់ផងដែរ។ សូមបញ្ជាក់ជូនថា ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាឧទ្ធម្ភាគចក្រប្រភេទ Bell 212 ផលិតនៅសហរដ្ឋអាមេរិក ហើយគិតត្រឹមពេលនេះគេនៅមិនទាន់បានដឹងអំពីមូលហេតុជាក់ស្តែងដែលបណ្តាលឱ្យឧទ្ធម្ភាគចក្រត្រូវជួបគ្រោះថ្នាក់នៅឡើយទេ តែយោងតាមការសន្និដ្ឋានបឋម គឺហេតុការណ៍អកុសលនេះ ទំនងជាបានកើតឡើងដោយសារបញ្ហាអាកាសធាតុ ពោលគឺនៅតំបន់កើតហេតុនោះមានចុះអ័ព្ទយ៉ាយ៉ាងខ្លាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: