អន្តរជាតិ

អាមេរិកគ្រោងចំណាយប្រាក់ជាង ២០ពាន់លានដុល្លារសាងសង់ប្រឡាយស្តុកទឹកភ្លៀងក្រោមដីប្រវែង ៧២គីឡូម៉ែត្រ

BY
Pheakdey
May 23, 2024

អាមេរិក៖ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកគ្រោងចំណាយប្រាក់ជាង ២០ពាន់លានដុល្លារដើម្បីសាងសង់ប្រឡាយសម្រាប់ស្តុកទឹកភ្លៀងក្រោមដីដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ។ បើតាមលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅការវាយតម្លៃចំពោះការសាងសង់ប្រព័ន្ធប្រឡាយទឹកក្រោមដីមួយនេះមានតម្លៃត្រឹម ១៦ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែដោយសារបញ្ហាអតិផរណានៅសហរដ្ឋអាមេរិកបានធ្វើឱ្យតម្លៃនៃការសាងសង់ត្រូវកើនឡើងរហូតដល់ ២០,១ពាន់លានដុល្លារដោយគិតត្រឹមពាក់កណ្តាលខែឧសភាននេះ។

រូបតំណាង

លោកអភិបាលរដ្ឋរូបនេះបានបន្តថា តាមគម្រោងគឺប្រឡាយទឹកក្រោមដីមួយនេះនឹងត្រូវសាងសង់ឡើងនៅក្នុងតំបន់ Delta ដោយវានឹងជួយប្រមូលយកទឹកភ្លៀងពីក្នុងទន្លេ Sacramento មកស្តុកទុកនៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬមានព្យុះម្តងៗ។ ចំពោះទំហំរបស់វាវិញគឺប្រឡាយទឹកក្រោមដីនឹងត្រូវសាងសង់ឡើងដោយមានទទឹងប្រវែង ១១ម៉ែត្រ និងបណ្តោយប្រវែង ៧២គីឡូម៉ែត្រ ខណៈវាមានសមត្ថភាពអាចធ្វើឱ្យមានរំហូរទឹករហូតដល់ ៦១០លានលីត្រនៅក្នុងមួយម៉ោង។ នៅក្នុងរបាយការណ៍សិក្សារបស់ក្រុមអ្នកជំនាញបានបង្ហាញថា ប្រព័ន្ធប្រឡាយទឹកក្រោមដីមួយនេះនឹងមានសមត្ថភាពអាចជួយផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ដល់ពលរដ្ឋចំនួន ២៧លាននាក់ អាចជួយស្រោចស្រពផលដំណាំរបស់ប្រជាកសិករបានចំនួន ៣០៣,៥១៥ ហិកតា ហើយបើគណនាផលចំណេញជាលុយវិញគឺវាអាចជួយសន្សំសំចៃប្រាក់ក្នុងការទិញទឹកមកប្រើប្រាស់បានរហូតដល់ ៣៨ពាន់លានដុល្លារសម្រាប់ការទិញទឹកក្នុងរយៈពេលវែងទៅមុខទៀត ខណៈនៅពេលអនាគតតម្លៃទឹកនឹងបន្តកើនកើនឡើងកាន់តែខ្ពស់ដោយសារការប្រែប្រួលអាកាសធាតុនៅលើភពផែនដី៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: