ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ នាព្រឹកនេះ បង្ហាញពីការលើកកម្ពស់ប្រជាធិបតេយ្យ សេរីពហុបក្ស
(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង៣:០០រសៀលនេះ ព្រះរាជាណាចក្រកម្ពុជាបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បន្ទាប់ពីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលប្រាំបីថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភាបញ្ចប់ទៅដោយរលូនមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សានិងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់។ជាការបោះឆ្នោតអសកល ដែលមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងមុខតំណែង។

ក្នុងដំណើរនៃការអនុវត្តប្រជាធិបតេយ្យ សេរី ពហុបក្ស , កម្ពុជាបានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ជាបន្តបន្ទាប់។ក្នុងនោះទម្រង់នៃការបោះឆ្នោតសកលចំនួនពីរ និងការបោះឆ្នោតអសកលចំនួនពីរ។ការបោះឆ្នោតសកលមាន៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។ចំណែកការបោះឆ្នោតអសកលមាន៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលអាណត្តិនៃការបោះឆ្នោតនីមួយៗមានរយៈពេលប្រាំឆ្នាំ។
នៅឆ្នាំ២០២៤នេះដែរ កម្ពុជាបានរៀបចំការបោះឆ្នោតអសកលចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីខែកុម្ភៈកន្លងមកនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ ខែឧសភានេះ។
គួររំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌអាណត្តិទី១បានប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩,អាណត្តិទី២នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ និង អាណត្តិទី៣នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
ដោយឡែកសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ឆ្នាំ២០២៤នេះនៅទូទាំងប្រទេសមាន ក្រុង ស្រុក ខណ្ឌចំនួន២០៩ ,ឃុំ សង្កាត់ ១.៦៥២ដោយបែងចែកជា២០៩ការិយាល័យបោះឆ្នោតក្រុង ស្រុក ខណ្ឌ និងអង្គបោះឆ្នោតចំនួន១១.៦២២នាក់(ស្ត្រី២.៥៧៤នាក់)ដោយត្រូវជ្រើសរើសតំណាងជាសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ចំនួន ៥៥៦នាក់ និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌចំនួន ៣ ៦៤១នាក់។
ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ នេះដែរ មានគណបក្សចំនួនប្រាំចូលរួមប្រកួតប្រជែង ។ក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា ,គណបក្សឆន្ទៈខ្មែរ ,គណបក្សកម្លាំងជាតិ ,គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

សូមជម្រាបថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានតួនាទី ភារកិច្ចនិងសិទ្ធិអំណាចដូចតទៅ៖
ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើតការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញមុខងារភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្មតាមច្បាប់ឬស្របតាមច្បាប់។
ក្រុមប្រឹក្សា មានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ។ក្រុមប្រឹក្សាត្រូវបំពេញមុខងារ និងភារកិច្ចដោយធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន និងត្រូវធានាថាសេចក្តីសម្រេចនោះត្រូវបានអនុវត្ត ។ក្រុមប្រឹក្សាប្រើប្រាស់សិទ្ធិអំណាចបញ្ញត្តិរបស់ខ្លួនដោយការធ្វើដីកា ស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់។
ក្រុមប្រឹក្សានីមួយៗត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយត្រូវបង្កើតជំរុញនិងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ក្រុមប្រឹក្សានីមួយៗក៏មានតួនាទីចាត់ចែងកិច្ចការចាំបាច់នានាដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
ក្រុមប្រឹក្សាមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សា គឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាល ។ឧទាហរ ណ៍ ដូចជាក្រុមប្រឹក្សាខេត្តមានសិទ្ធិស្នើដកអភិបាលខេត្ត ឬអភិបាលរងខេត្តជាដើម។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្រុមប្រឹក្សាត្រូវបំពេញមុខងារ និងភារកិច្ចដោយធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន និងត្រូវធានាថា សេចក្តីសម្រេចនោះត្រូវបានអនុវត្ត។ ក្រុមប្រឹក្សាអាចប្រើប្រាស់សិទ្ធិអំណាចប្រតិបត្តិរបស់ខ្លួន ដោយធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាអាទិភាព ដើម្បីធ្វើសេចក្តីសម្រេចធានាបានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ការបោះឆ្នោតសកល និងអសកលជាទៀងទាត់ មិនត្រឹមតែជាការបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល របស់បក្សនយោបាយនៅកម្ពុជាក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធសេរីភាពក្នុងការសម្រេចចិត្តយ៉ាងទូលំទូលាយប៉ុណ្ណោះទេ តែជាការបង្ហាញឱ្យពិភពលោកទាំងមូលមើលឃើញថា កម្ពុជាមានភាពចាស់ទុំខាងនយោបាយ និង មានស្ថិរភាពរឹងមាំ ដែលជាសមិទ្ធផលនៃសុខសន្តិភាពពេញលេញ៕




ប្រភព៖ ក្រសួងព័ត៌មាន