ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៨ នៅតំបន់មួយចំនួន កម្ដៅនឹងហក់ឡើងដល់ ៣៦°C
(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ នៅតំបន់មួយចំនួន កម្ដៅនឹងហក់ឡើងដល់ ៣៦°C នឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០-២០%។

ក្រសួងបានបញ្ជាក់ថា សម្ពាធទាបគ្រប់ដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប៖
– សីតុណ្ហភាពអប្បបរមា ២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C ។ ខ្យល់បក់មកពីទិសទក្សិណ និងនិរតី មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ ព្រៃវែង និងតាកែវ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០-២០%។
២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមា ២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសទក្សិណ និងនិរតី មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០-២០%។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា ២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសបស្ចឹម និងទក្សិណ មានល្បឿន មធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០-២០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម