ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តាមការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរនៅឆ្នាំនេះ

    BY Nisaiy KN May 26, 2024
    តាមការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរនៅឆ្នាំនេះ

    (ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានអោយដឹងពី ការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបង្ហាញថា ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរឆ្នាំនេះ។

    ការប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែ​ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

    សូមជម្រាបថា ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវប្រារព្ធជារៀងរាល់​ឆ្នាំនៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយនៃពិធីបុណ្យ​ទ្វារទសមាស។ព្រះរាជពិធីប្រពៃណីនេះធ្វើឡើងក្នុងគោល​បំណង​ផ្សងប្រផ្នូលទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។

    ជាលទ្ធផលនៃការផ្សង ក្រោយការច្រត់ព្រះនង្គ័លជា​និមិត្ត​រូបបីជុំ គោឧសភរាជ ត្រូវបានលែងឱ្យទៅបរិភោគអាហារទាំង ប្រាំពី​រ​មុខខាងលើ។ ក្នុងចំណោម​អាហារទាំងប្រាំពីរ មុខនេះ មានអាហារចំនួនបីមុខ ដែលគោឧសភរាជបានបរិភោគច្រើន​ជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។

    តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបាន​ព្រាហ្មបុរោហិត​ផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្ម​ទាំងបីមុខនេះ​នឹង​ទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ៕



    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: