ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសន្និដ្ឋានបឋម៖ មានពលរដ្ឋប៉ាពួញូហ្គីណេជាង ២,០០០នាក់បានកប់នៅក្រោមគំនរដីហើយក្នុងនោះជាង ៦៧០នាក់បានបាត់បង់ជីវិត ខណៈដីនៅតែបន្តបាក់នៅឡើយ

    BY Pheakdey May 28, 2024
    ការសន្និដ្ឋានបឋម៖ មានពលរដ្ឋប៉ាពួញូហ្គីណេជាង ២,០០០នាក់បានកប់នៅក្រោមគំនរដីហើយក្នុងនោះជាង ៦៧០នាក់បានបាត់បង់ជីវិត ខណៈដីនៅតែបន្តបាក់នៅឡើយ

    ប៉ាពួញូហ្គីណេ៖ ហេតុការណ៍បាក់ដីនៅក្នុងប្រទេសប៉ាពួញូហ្គីណេដែលបានផ្តើមកើតឡើងតាំងតែពីចុងសប្តាហ៍មុននៅមិនទាន់បិទបញ្ចប់នៅឡើយទេ ហើយតួលេខជាក់ស្តែងរបស់ក្រុមជនរងគ្រោះក៏នៅមិនទាន់កំណត់ឱ្យបានច្បាស់លាស់នៅឡើយដែរ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភានេះ។ មូលហេតុដែលគេមិនទាន់អាចកំណត់ចំនួនជនរងគ្រោះបាននោះគឺដោយហេតុថា​ ដីដែលជាបំណែករបស់ភ្នំចេះតែបន្តបាក់មកនិងបន្តកប់ក្រុមពលរដ្ឋដែលកំពុងតែទៅជីកកកាយរកសាច់ញាតិរបស់ពួកគេបន្ថែមទៀតផងដែរ។

    យ៉ាងណាក្តីសម្រាប់អាជ្ញាធរប៉ាពួញូហ្គីណេអាចឱ្យដឹងបានត្រឹមថា ពលរដ្ឋដែលបានកប់ក្រោមគំនរដីទាំងរស់នោះអាចមានចំនួនប្រហែលជា  ២,០០០នាក់ ហើយតួលេខអ្នកស្លាប់បាត់បង់ជីវិតវិញអាចមានចំនួនលើសពី ៦៧០នាក់  ខណៈចំនួនសាកសពជាក់ស្តែងទើបត្រូវគេឃើញមានចំនួន ៥នាក់ប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងនៅក្នុងតំបន់មួយស្ថិតនៅប៉ែកខាងជើងនៃប្រទេសប៉ាពួញូហ្គីណេនិងជាតំបន់នៅជិតព្រំដែនជាមួយប្រទេសអូស្រ្តាលី ហើយគិតត្រឹមពេលនេះនៅក្នុងតំបន់កើតហេតុនៅមានពលរដ្ឋចន្លោះពី ៤,៥០០-៨,០០០នាក់ទៀតដែលចាំបាច់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: