តុលាការថៃកាត់ទោសប៉ូលិសស្រីម្នាក់ឱ្យជាប់ពន្ធនាគារ ១២៥ឆ្នាំជុំវិញករណីកេងបន្លំប្រាក់សម្រាប់ធានាខ្លួនរបស់ជនសង្ស័យជិត ២ម៉ឺនដុល្លារ
- BY
- Pheakdey
- May 31, 2024
ថៃ៖ តុលាការថៃបានកាត់ទោសឱ្យប៉ូលិសស្រីម្នាក់ជាប់ពន្ធនាគាររយៈពេល ១២៥ឆ្នាំពីបទកេងបន្លំប្រាក់សម្រាប់ធានាខ្លួនរបស់ជនសង្ស័យចំនួន ៧២០,០០០បាត (១៩,៥៩៧ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ។ ស្រ្តីរូបនេះមានឈ្មោះថា Jirat-on Paksap មានតួនាទីជាអធិការរងរដ្ឋបាលនៅស្ថានីយ៍ប៉ូលិសមួយកន្លែងក្នុងទីក្រុងបាងកក និងមានតួនាទីជាអ្នកប្រមូលប្រាក់សម្រាប់ធានាខ្លួនពីក្រុមជនសង្ស័យយកទៅតម្តល់ទុកនៅក្នុងការិយាល័យហិរញ្ញវត្ថុផងដែរ។

យ៉ាងណាក្តីថ្មីៗនេះតុលាការព្រហ្មទណ្ឌកណ្តាលសម្រាប់សំណុំរឿងពុករលួយនិងការប្រព្រឹត្តខុសរបស់ថៃបានរកឃើញថា លោកស្រី Jirat-on Paksap បានប្រព្រឹត្តិបទល្មើសចំនួន ២៥ករណីតាមរយៈរូបភាពប្រមូលប្រាក់សម្រាប់ធានាខ្លួនពីក្រុមជនសង្ស័យបានហើយ តែរូបគាត់មិនបានយកប្រាក់ទាំងនោះទៅតម្តល់ទុកនៅក្នុងការិយាល័យហិរញ្ញវត្ថុនោះទេ។ យោងទៅច្បាប់នៅក្នុងប្រទេសថៃបានកំណត់ថា អ្នកដែលបានប្រព្រឹត្តិបទល្មើសក្នុងទម្រង់ដូចខាងលើនេះចំនួន ១ករណីត្រូវជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ដូចនេះហើយទើបនៅក្នុងសំណុំរឿងរបស់លោកស្រី Jirat-on Paksap ដែលបានប្រព្រឹត្តិបទល្មើសចំនួន ២៥ករណីនោះត្រូវជាប់ពន្ធនាគារសរុបរហូតដល់រយៈពេល ១២៥ឆ្នាំ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






