អន្តរជាតិ

ជប៉ុនកាត់ទោសក្រុមគ្រូបង្រៀនម៉ោងដើរឡើងភ្នំឱ្យជាប់ពន្ធនាគារ ២ឆ្នាំក្រោយនាំកូនសិស្ស ៧នាក់ទៅបាត់បង់ជីវិតនៅភ្នំទឹកកក

BY
Pheakdey
May 31, 2024

ជប៉ុន៖ តុលាការជប៉ុនសម្រេចផ្តន្ទាទោសគ្រូបង្រៀនចំនួន ២នាក់ និងមិត្តភក្តិរបស់គ្រូបង្រៀនទាំង ២រូបនេះម្នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញករណីដែលបុរសទាំង ៣រូបនេះ បានដឹកនាំក្រុមកូនសិស្សដើរឡើងភ្នំទឹកកក និងបានបណ្តាលឱ្យកូនសិស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅលើភ្នំ។ យោងតាមការចុះផ្សាយរបស់បណ្តាះសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី៣០ ខែឧសភានេះបានឱ្យដឹងថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីឆ្នាំ២០១៧ម្ល៉េះ តែតុលាការជប៉ុនទើបប្រកាសសាលក្រមកាលពីពេលថ្មីៗនេះ ហើយអ្នកដែលត្រូវទទួលទោសទាំង ៣រូបនោះរួមមាន លោក Shuichi Inose អាយុ ៥៧ឆ្នាំ លោក Hisao Sugamata អាយុ ៥៥ឆ្នាំ និងលោក Hironori Watanabe អាយុ ៦១ឆ្នាំ។

ប្រភពខាងលើបានរម្លឹកអំពីហេតុការណ៍នេះថា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧ បុរសទាំង ៣រូបនេះបានដឹកនាំក្រុមកូនសិស្សចំនួន ៥៥នាក់ និងគ្រូបង្រៀនមួយចំនួនមកពីវិទ្យាល័យ Otawara និងវិទ្យល័យចំនួន ៦ផ្សេងទៀតនៅក្នុងអណាខេត្ត Tochigi ដើរឡើងភ្នំមួយស្ថិតនៅក្នុងប៉ែកខាងជើងនៃទីក្រុងតូក្យូ ហើយការដឹកនាំដើរឡើងភ្នំនោះទៀតសោធ គឺមិនមែនជាការកំសាន្តឡើយ​តែវាជាកម្មវិធីសិក្សាមួយ ពោលគឺ “មេរៀនដើរឡើងភ្នំ” ។ នៅក្នុងការដើរឡើងភ្នំនោះស្រាប់តែមាន​ហេតុការណ៍អកុសលកើតឡើង គឺព្រឹលទឹកកកធ្លាក់យ៉ាងខ្លាំងហើយបានបណ្តាលឱ្យកូនសិស្សចំនួន ៧នាក់ និងគូ្របង្រៀនម្នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈកូនសិស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួសយ៉ាងឆ្ងន់ធ្ងរ។ បើតាមតុលាការជប៉ុនបានអះអាងថា ឧប្បត្តិហេតុនេះបានកើតឡើងដោយសារតែភាពធ្វេសប្រហែសរបស់ក្រុមអ្នកដឹកនាំដើរឡើងភ្នំទាំង ៣នាក់ខាងលើនេះ ដែលមិនបានសិក្សាអំពីបញ្ហាអាកាសធាតុឱ្យបានច្បាស់លាស់មុននឹងសម្រេចរៀបចំវគ្គហ្វឹកហាត់ដើរឡើងភ្នំ ហើយពួកគេត្រូវតែទទួលខុសត្រូវចំពោះហេតុការណ៍អកុសលនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: