ក្រុមហ៊ុនអចលនព្រទ្យធំបំផុតរបស់ចិន Evergrande ត្រូវពិន័យជាង ៥៧៧លានដុល្លារជុំវិញករណីបំប៉ោងប្រាក់ចំណូលដើម្បីបន្លំភ្នែកសាធារណៈជន
- BY
- Pheakdey
- June 1, 2024
ចិន៖ ក្រុមហ៊ុនអចលនព្រទ្យធំបំផុតរបស់ចិន Evergrande ត្រូវបានស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុរបស់ទីក្រុងប៉េកាំងសម្រេចពិន័យជាប្រាក់ចំនួន ៤,១៨ពាន់លានយេន (៥៧៧,១លានដុល្លារ) ពីបទអនុវត្តអាជីវកម្មដោយមានការក្លែងបន្លំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែឧសភានេះ។ នៅក្នុងសំណុំរឿងដដែលនេះ លោក Hui Ka Yan ដែលជាស្ថាបនិកក្រុមហ៊ុនក៏ត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៤៧លានយន់ (៦,៦លានដុល្លារ) ផងដែរ។

បើតាមគណៈកម្មការនិយតកម្មមូលបត្រចិនបានរកឃើញថា នៅក្នុងអំឡុងឆ្នាំ ២០១៩-២០២០ ក្រុមហ៊ុន Evergrande បានលួចក្លែងបន្លំរបាយការណ៍ប្រាក់ចំណូលនិងប្រាក់ចំណេញរបស់ខ្លួនដើម្បីឱ្យតម្លៃភាគហ៊ុននៅក្នុងទីផ្សារអចលនព្រទ្យនៅតែមានតម្លៃខ្ពស់ ពោលគឺដើម្បីបញ្ជាក់អំពីភាពរឹងមាំផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន។ ប្រភពខាងលើបានបន្តថា តាមរយៈសកម្មភាពក្លែងបន្លំនេះបានអនុញ្ញាតឱ្យក្រុមហ៊ុននៅតែអាចបន្តទទួលបានការបង់ប្រាក់ពីសំណាក់អថិតិជនដែលបានទិញអចលនព្រទ្យផ្សេងៗក្នុងលក្ខខណ្ឌបង់រំលស់ ទទួលបានការដាក់ប្រាក់វិនិយោគពីសំណាក់ក្រុមអ្នកវិនិយោគ និងទទួលបានទំនុកចិត្តពីសំណាក់ដៃគូអាជីវកម្មជាធម្មតា ខណៈតាមការពិតក្រុមហ៊ុនកំពុងជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរបំផុត។ សូមបញ្ជាក់ថា ក្រុមហ៊ុន Evergrande បានប្រកាសក្ស័យធនរួចហើយពីប៉ុន្មានខែមុននេះ ដោយក្រុមហ៊ុនបានជាប់បំណុលសរុបជាង ៣០០ពាន់លានដុល្លារ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






