រលកកម្តៅបានបណ្តាលឱ្យពលរដ្ឋឥណ្ឌា ៥៦នាក់បាត់បង់ជីវិតនិង ២៥,០០០នាក់បានដួលសន្លប់ក្នុងរយៈពេល ៣ខែចុងក្រោយនេះ
- BY
- Pheakdey
- June 3, 2024
ឥណ្ឌា៖ គិតត្រឹមពេលនេះបញ្ហារលកកម្តៅហាក់មិនទាន់រសាត់បាត់ពីប្រទេសឥណ្ឌានៅឡើយទេ បើទោះជារដូវក្តៅនៅតាមបណ្តាប្រទេសអាស៊ីមួយចំនួនត្រូវបានបញ្ចប់និងត្រូវឆ្លងចូលដល់រដូវវស្សាហើយក៏ដោយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣ ខែមិថុនាបានឱ្យដឹងថា គិតចាប់តាំងពីខែមីនារហូតមកទល់នឹងចុងខែឧសភាឆ្នាំ២០២៤នេះមានពលរដ្ឋឥណ្ឌាចំនួន ៥៦នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតដោយសារតែបញ្ហារលកកម្តៅ។

ប្រភពខាងលើបានបន្តថា ក្តៅតែបានសម្លាប់មនុស្សហើយរលកកម្តៅក៏បានបណ្តាលឱ្យមានពលរដ្ឋឥណ្ឌាប្រមាណជា ២៥,០០០នាក់ត្រូវដួលសន្លប់ផងដែរ ក្រោយពួកគេបានព្យាយាមធ្វើការងារអស់រយៈពេលជាច្រើនម៉ោងក្រោមកម្រិតសីតុណ្ហភាពដ៏ខ្ពស់។ គួររម្លឹកជូនថា សីតុណ្ហភាពនៅតាមតំបន់ជាច្រើននៅទូទាំងប្រទេសឥណ្ឌាបានកើតឡើងរហូតដល់កម្រិតខ្ពស់ជាង ៥០អង្សាសេ ខណៈនៅក្នុងទីក្រុងញូវដេលីដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌាវិញសីតុណ្ហភាពកាលពីសប្តាហ៍មុនបានកើនឡើងដល់ ៥២,៩អង្សាសេឯណោះ ដែលជាកម្រិតដ៏ខ្ពស់មិនធ្លាប់មាននោះទេនាពេលកន្លងមក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






