អ៊ីតាលីពិន័យក្រុមហ៊ុន Meta ជិត ៤លានដុល្លារជុំវិញករណីធ្វើអាជីវកម្មដោយមិនយុត្តិធម៌
- BY
- Pheakdey
- June 5, 2024
អ៊ីតាលី៖ និយតករប្រឆាំងករណីរំលោភលើទំនុកចិត្តនៅក្នុងប្រទេសអ៊ីតាលីបានពិន័យក្រុមហ៊ុន Meta ជាទឹកប្រាក់ចំនួន ៣,៥លានអឺរ៉ូ (៣,៨លានដុល្លារអាមេរិក) ជុំវិញករណីដែលក្រុមហ៊ុនខ្នាតយក្សមួយនេះបានអនុវត្តសកម្មភាពអាជីវកម្មដោយមិនយុត្តិធម៌។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី៥ ខែមិថុនានេះបានបញ្ជាក់ថា ជនរងគ្រោះនៅក្នុងករណីចម្រូងសម្រាសដ៏ធំនេះ គឺជាម្ចាស់គណនី Facebook និង Instagram នៅក្នុងប្រទេសអ៊ីតាលីជាច្រើននាក់។

បើតាមអាជ្ញាធរអ៊ីតាលីបានបញ្ជាក់ថា នាពេលកន្លងមកក្រុមហ៊ុន Meta បានលួចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់គណនី Facebook និង Instagram ជាច្រើននាក់ក្នុងគោលបំណងធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាតពីម្ចាស់គណនីទាំងនោះឡើយ ពោលគឺក្រុមហ៊ុនបានលួចតាមដានទីតាំង ការបង្ហោះសារ និងចំណូលចិត្តរបស់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram ដើម្បីបង្ហោះការផ្សាយពាណិជ្ជកម្មលក់ផលិតផលផ្សេងៗឱ្យត្រូវនឹងពួកគេ។ ប្រភពខាងលើបានបន្តថា ពេលខ្លះក្រុមហ៊ុន Meta បានផ្អាកគណនី Facebook និង Instagram មួយចំនួនដោយមិនបានជូនដំណឹងមុន ឬ ប្រាប់ពីហេតុផលច្បាស់លាស់ឡើយ ដែលធ្វើឱ្យគណនីទាំងនោះត្រូវបាត់អ្នកគាំទ្រអស់ជាច្រើននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






