អន្តរជាតិ

ថៃ នឹងបញ្ជូនប៊ូខាវទៅផ្សព្វផ្សាយកីឡាប្រដាល់ថៃក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤

BY
Pheakdey
June 5, 2024

ថៃ៖ សហព័ន្ធកីឡាប្រដាល់ថៃគ្រោងនឹងបញ្ជូនកំពូលកីឡាករប្រដាល់ Buakaw Banchamek ដែលជាទូទៅពលរដ្ឋនៅកម្ពុជាតែងហៅគាត់ថា “ប៊ូខាវ” ទៅផ្សព្វផ្សាយអំពីកីឡាប្រដាល់ថៃ ឬ មួយថៃនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី៤ ខែមិថុនានេះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសបារាំងចាប់ពីថ្ងៃទី២៦ ខែកក្កដារហូតដល់ថ្ងៃទី១១ ខែសីហា។

ប្រភពខាងលើបានបន្តថា ការបញ្ជូនកំពូលកីឡាករ Buakaw Banchamek ទៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនេះ គឺមិនមែនជាការប្រកួតដណ្តើមមេដាយអ្វីឡើយ តែកីឡាកររូបនេះនឹងមានកិត្តិយសឡើងសម្តែងក្បាច់គុនប្រដាល់ថៃនៅលើឆាកដ៏ធំ ដែលនឹងមានអ្នកទស្សនាទូរទស្សន៍ ឬ ការផ្សាយនៅលើបណ្តាញសង្គមរាប់លាននាក់នៅជុំវិញពិភពលោក។ សូមបញ្ជាក់ជូនថា Buakaw Banchamek គឺជាកីឡាករប្រដាល់កំពូលមួយរូបរបស់ប្រទេសថៃ ដោយរូបគាត់ធ្លាប់បានប្រកួតឈ្នះកីឡាករប្រដាល់ល្បីៗជាច្រើននាក់នៅជុំវិញពិភពលោក​ ហើយនាពេលបច្ចុប្បន្ននេះរូបគាត់ត្រូវបានពលរដ្ឋថៃចាត់ទុកជានិមិត្តរូបនៃកីឡាប្រដាល់ថៃផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: