អន្តរជាតិ

អាជ្ញាធរសិង្ហបុរីបានជម្លៀសពលរដ្ឋជាង ១០០នាក់ជាបន្ទាន់ក្រោយអគ្គិភ័យបានលេបត្របាក់សំណង់ផ្ទះល្វែងមួយកន្លែង

BY
Pheakdey
June 7, 2024

សិង្ហបុរី៖ យ៉ាងហោចណាស់មានមនុស្សប្រមាណជា ១០០នាក់ត្រូវបានអាជ្ញាធរសិង្ហបុរីធ្វើការជម្លៀសខ្លួន ជាបន្ទាន់ក្រោយកើតមានអគ្គិភ័យដ៏ធ្ងន់ធ្ងរមួយកាលពីយប់មិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនានេះបានបញ្ជាក់ថា អគ្គិភ័យបានកើតឡើងនៅសំណង់ផ្ទះល្វែងមួយកន្លែងស្ថិតប្លុក ៥៤១ នៃតំបន់ Bedok North។

បើតាមកងកម្លាំងការពារស៊ីវិលសិង្ហបុរីបានបញ្ជាក់ថា ភ្លើងបានចាប់ផ្តើមឆេះនៅម៉ោង ១០ និង ១០នាទីយប់ ដោយបានបង្កចេញពីផ្ទះដែលនៅជាប់ក្រោយ និងបន្តឆេះឡើងនៅដល់ផ្ទះនៅជាន់ទី ៧យ៉ាងឆាប់រហ័ស។ យ៉ាងណាក្តី ក្រុមអ្នកពន្លត់អគ្គិភ័យ និងក្រុមអ្នកសង្គ្រោះបន្ទាន់ ក៏បានធ្វើអន្តរាគមន៍ទាន់ពេលវេលាផងដែរទើបហេតុការណ៍គ្រោះថ្នាក់នេះ មិនបានបណ្តាលឱ្យមានពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតនោះទេ។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញមូលហេតុ ដែលបង្កឱ្យអគ្គិភ័យកើតឡើងនៅឡើយទេ ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេត ដើម្បីស្វែករកអ្នកទទួលខុសត្រូវក្នុងករណីនេះ៕

អត្ថបទ៖ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: