ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុងហាណូយដាក់ចេញវិធានការរឹតបន្តឹងការជួញដូរសាច់ឆ្កែនិងសាច់ឆ្មា ក្រោយពលរដ្ឋវៀតណាមជាង ១០០នាក់បានឆ្លងជំងឺឆ្កែឆ្កួត

    BY Pheakdey June 8, 2024
    ក្រុងហាណូយដាក់ចេញវិធានការរឹតបន្តឹងការជួញដូរសាច់ឆ្កែនិងសាច់ឆ្មា ក្រោយពលរដ្ឋវៀតណាមជាង ១០០នាក់បានឆ្លងជំងឺឆ្កែឆ្កួត

    ហាណូយ៖ អាជ្ញាធរក្រុងហាណូយបានដាក់ចេញនូវការណែនាំឱ្យមានការរឹតបន្តឹងលើសកម្មភាពជួញដូរសាច់ឆ្កែនិងសាច់ឆ្មាជាដាច់ខាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៨ ខែមិថុនា។ អនុនាយកដ្ឋានបសុព្យាបាល ជលផល និងបសុពេទ្យទីក្រុងហាណូយបានបញ្ជាក់ថា​ សេចក្តីណែនាំខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងការពារសុខភាពសាធារណៈនិងលើកកម្ពស់ក្រមសីលធម៌នៅក្នុងសង្គមផងដែរ។

    ប្រភពខាងលើបានបន្តថា វិធានការតឹងរឹងដែលទីក្រុងហាណូយបានដាក់ចេញនៅពេលនេះក៏ជាផ្នែកមួយជម្រុញឱ្យមានការលុបបំបាត់សកម្មភាពទទួលទានសាច់ឆ្កែទាំងស្រុងនៅទូទាំងប្រទេសនៅពេលអនាគតផងដែរ។ គួរកត់សម្គាល់ថា វិធានការរបស់ទីក្រុងហាណូយបានលេចរូបរាងឡើងក្រោយអាជ្ញាធរសុខាភិបាលវៀតណាមបានរកឃើញករណីមានពលរដ្ឋឆ្លងជំងឺឆ្កែឆ្កួត​ចំនួន ១០២ករណី ដែលបានកើតឡើងនៅក្នុងខេត្តចំនួន ២៩ផ្សេងគ្នាកាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ជូនផងដែរថា សាច់ឆ្កែគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋវៀតណាម​អស់រយៈពេលជាយូរឆ្នាំមកហើយ ដូចនេះការលុបបំបាត់វប្បធម៌ទទួលទានសាច់ប្រភេទនេះអាចមិនមែនជារឿងងាយស្រួលឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: