ហ្វីលីពីន សម្រេចហាមឃាត់សាច់បក្សី និងផលិតផលបសុបក្សីពីអូស្ត្រាលីដើម្បីទប់ស្កាត់ការចម្លងជំងឺផ្តាសាយបក្សី
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានសម្រេចធ្វើការហាមឃាត់សាច់បក្សី និងផលិតផលបសុបក្សីពីប្រទេសអូស្ត្រាលីជាបណ្តោះអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ការសម្រេចដ៏បន្ទាន់នេះ ត្រូវបានធ្វើឡើងក្រោយជំងឺផ្តាសាយបក្សីហាក់កំពុងតែមានការរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្រ្តាលីក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។

សូមបញ្ជាក់ជូនថា ជំងឺផ្តាសាយបក្សីដែលកំពុងបង្កការគំរាមគំហែងនៅតាមកសិដ្ឋានក្នុងប្រទេសអូស្រ្តាលីនារយៈពេលថ្មីៗនេះ មានចំនួន ៣ប្រភេទ ដូចជា ប្រភេទ H7N3, ប្រភេទ H7N9 និងប្រភេទ H5N1 ដែលសុទ្ធតែជាមេរោគបំប្លែងខ្លួន។ ឆ្លើយតបនឹងការរាតត្បាតជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំនេះ អាជ្ញាធរអូស្រ្តាលី បានសម្លាប់សត្វមាន់ដែលគេចិញ្ចឹមសម្រាប់យកពងអស់ជាងកន្លះលានក្បាល ខណៈជំងឺផ្តាសាយបក្សី នៅមិនទាន់បង្កគ្រោះថ្នាក់ដល់ពលរដ្ឋអូស្រ្តាលីណាម្នាក់នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍