ពលរដ្ឋវៀតណាមចំនួន ៣នាក់បានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀង
- BY
- Pheakdey
- June 10, 2024
វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃចន្ទ ទី១០ ខែមិថុនា។ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងនៅវៀតណាមក្នុងពេលនេះគឺជាជំនន់ទឹកភ្លៀងដែលបានជន់លិចយ៉ាងឆាប់រហ័ស ក្រោយវៀតណាមបានទទួលសម្ពាធទឹកភ្លៀងក្នុងបរិមាណយ៉ាងច្រើននៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៣រូបនោះគឺជាពលរដ្ឋរស់នៅក្នុងទីក្រុង Ha Giang ប៉ែកខាងជើងនៃប្រទេសវៀតណាម ជាទីកន្លែងដែលបានទទួលរងនូវសម្ពាធទឹកភ្លៀងក្នុងបរិមាណជាមធ្យមចន្លោះពី ១០០-៣០០ mm ខណៈតំបន់ខ្លះបរិមាណទឹកភ្លៀងមានរហូតដល់ ៣៤៧ mm ឯណោះ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា បរិមាណទឹកភ្លៀងនេះគឺជាបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៥៩ឆ្នាំចុងក្រោយនេះ ហើយវាបានបង្កើតឱ្យមានទឹកជំនន់កម្ពស់រហូតដល់ ២ម៉ែត្រផងដែរ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ឥទ្ធិពលរបស់ជំនន់ទឹកភ្លៀងក៏បានបង្កឱ្យមានបញ្ហាជាច្រើនផ្សេងទៀតផងដែរ ដូចជាមានតំបន់ខ្លះត្រូវប្រឈមនឹងបញ្ហាបាក់ដី ផ្លូវថ្នល់សំខាន់ៗជាច្រើនត្រូវបានកាត់ផ្តាច់ ហើយអគ្គិសនីនៅក្នុងតំបន់មួយចំនួនក៏ត្រូវកាត់ផ្តាច់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






