ក្រុមហ៊ុន Singapore Airlines សម្រេចផ្តល់ប្រាក់សំណង ១ម៉ឺនដុល្លារទៅកាន់អ្នករងរបួសស្រាលនិង ២ម៉ឺន ៥ពាន់ដុល្លារ សម្រាប់អ្នករងរបួសធ្ងន់នៅក្នុងហេតុការណ៍យន្តហោះរលាក់ខ្លាំងនាពេលកន្លងមក
- BY
- Pheakdey
- June 11, 2024
សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានសម្រេចផ្តល់ប្រាក់សំណងចំនួន ១០,០០០ដុល្លារ ទៅកាន់រាល់អ្នកដំណើរដែលបានរងរបួសស្រាលក្នុងហេតុការណ៍យន្តហោះរលាក់ខ្លាំងនៅលើអាកាសនាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១១ ខែមិថុនា។ សម្រាប់អ្នករងរបួសធ្ងន់ធ្ងរវិញគឺនឹងត្រូវបានទទួលបានប្រាក់សំណងរហូតដល់ ២៥,០០០ដុល្លារ។
គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅនេះ ខណៈក្នុងពេលកើតហេតុនោះយន្តហោះមានផ្ទុកអ្នកដំណើរចំនួន២១១នាក់ រួមជាមួយនិងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន១៨នាក់ផងដែរ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះមានអ្នកដំណើរជនជាតិអង់គ្លេសអាយុ ៧៣ឆ្នាំបានស្លាប់បាត់បង់ជីវិត ហើយអ្នកដំណើរដែលបានរងរបួសធ្ងន់មួយចំនួនត្រូវសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក្រុងបាងកក បន្ទាប់ពីយន្តហោះបានសុំធ្វើការចុះចតជាបន្ទាន់នៅក្នុងប្រទេសថៃ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: