អន្តរជាតិ

បុរសកំហូចម្នាក់ត្រូវអស់លក្ខណ៍ក្រោយទៅអុកឡុកក្នុងហាងដែលមានម្ចាស់ជាអតីតជើងឯកការ៉ាត់តេខ្សែវ៉ាត់ខ្មៅ

BY
Pheakdey
June 11, 2024

ម៉ាឡេស៊ី៖ បុរសកំហូចម្នាក់ត្រូវអស់លក្ខណ៍ក្រោយទៅអុកឡុកក្នុងហាងលក់ទំនិញមួយកន្លែង ដែលមានម្ចាស់ហាងជាអតីតជើងឯកការ៉ាត់តេខ្សែក្រវ៉ាត់ខ្មៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១​ ខែមិថុនានេះ។ ហេតុការណ៍គួរឱ្យហួសចិត្តនេះបានកើតឡើងនៅម៉ោងប្រមាណជា ២យប់ ក្នុងហាងលក់ទំនិញមួយកន្លែងស្ថិតនៅក្នុងតំបន់ Seberang Jaya រដ្ឋ Penang នៃប្រទេសម៉ាឡេស៊ី។

ប្រភពខាងលើបានបន្តថា ក្នុងពេលកើតហេតុនោះបុរសដែលជាជនខិលខូចបានដើរចូលទៅក្នុងហាងទាំងមានអាការៈស្រវឹង ហើយក្រោយមកគាត់ក៏ចាប់ផ្តើមរករឿងគេឯងនៅក្នុងហាងរហូតដល់មានការប្រកែកគ្នាជាមួយនឹងម្ចាស់ហាង ដែលមានឈ្មោះថា Wu Ye Rong អាយុ ៤៩ឆ្នាំទៀតផង។ បន្ទាប់ពីប្រកែងគ្នាបានបន្តិច បុរសជាជនខិលខូចបានដើរទៅយកមួកសុវត្ថិភាពពីលើម៉ូតូមកវាយលើលោក Wu Ye Rong ហើយក្នុងនាមជាអ្នកចេះក្បាច់គុនស្រាប់លោក Wu Ye Rong ក៏បានប្រើក្បាច់ការពារខ្លួន និងវាយបកទៅវិញរហូតដល់បុរសជាជនខិលខូចបានដួលទៅលើដី។ យ៉ាងណាក្តី ក្រោយកើតមានហេតុការណ៍នេះលោក Wu Ye Rong ក៏បានធ្វើការសូមទោសជាសាធារណៈនៅលើបណ្តាញសង្គម Facebook របស់គាត់ចំពោះបុរសដែលជាជនបង្កហេតុនោះ ដ្បិតរូបគាត់បានការពារខ្លួនរាងជ្រុលដៃបន្តិច ខណៈករណីនេះពុំមានការអន្តរាគមន៍ពីសំណាក់អាជ្ញាធរឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: