ថៃ នឹងចុះបង្រ្កាបក្រុមអ្នកសុំទានខុសច្បាប់ ខណៈការស្រាវជ្រាវមួយបង្ហាញថាអ្នកសុំទានខ្លះអាចរកប្រាក់ចំណូលបានជាង ២,៧០០ដុល្លារក្នុងមួយខែ
- BY
- Pheakdey
- June 13, 2024
ថៃ៖ អាជ្ញាធរថៃនឹងបើកយុទ្ធនាការបង្រ្កាបក្រុមអ្នកសុំទានខុសច្បាប់នៅក្នុងទីក្រុងបាងកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា។ យុទ្ធនាការខាងលើនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្សជាតិសហការជាមួយប៉ូលិសក្រុងបាងកក ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅក្នុងសង្គម។

បើតាមមជ្ឈមណ្ឌលការពារជនអនាថាបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ នៅក្នុងទីក្រុងបាងកកមានអ្នកសុំទានខុសច្បាប់សរុបប្រមាណជា ៨,០០០នាក់ ហើយនៅក្នុងនោះ គឺមានអ្នកសុំទានចំនួន ៣០%ជាជនជាតិបរទេស ក្រៅពីជនជាតិថៃផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងយុទ្ធនាការបង្ក្រាបក្រុមអ្នកសុំទានខុសច្បាប់ខាងលើនេះ គឺអាជ្ញាធរថៃ នឹងចុះប្រមូលយកក្រុមជនអនាថាដែលកំពុងប្រកបមុខរបរជាអ្នកសុំទានទាំងអស់នោះ ទៅស្នាក់នៅនិងទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅក្នុងមជ្ឈមណ្ឌលការពារជនអនាថា ដើម្បីឱ្យពួកគេអាចយកជំនាញទាំងនោះទៅប្រកបរបរចិញ្ចឹមជីវិតបាននៅពេលអនាគត។
អាជ្ញាធរថៃបានបន្តថា ដើម្បីអនុវត្តវិធានការខាងលើនេះឱ្យមានប្រសិទ្ធភាព គឺអាជ្ញាធរនឹងចុះធ្វើប្រតិបត្តិការប្រមូលអ្នកសុំទានចំនួន ៥ដងក្នុងមួយខែ និងធ្វើការពិន័យពួកគេទៀតផង ប្រសិនបើពួកគេនៅតែបន្តធ្វើសកម្មភាពដោយបំពានទៅនឹងការណែនាំរបស់អាជ្ញាធរ។ បើយោងតាមការស្រាវជ្រាវមួយរបស់អាជ្ញាធរថៃបានរកឃើញថា ក្រុមអ្នកសុំទានភាគច្រើន គឺមិនមែនជាអ្នកក្រីក្រពិតប្រាកដនោះទេ តែពួកគេសម្រេចជ្រើសរើសយកមុខរបរនេះ ព្រោះតែពួកគេអាចរកប្រាក់ចំណូលបានច្រើនជាងទៅធ្វើការងារផ្សេងទៀត ពោលបើគិតជាមធ្យមពួកគេអាចរកប្រាក់ចំណូលបានខ្ទង់ប្រមាណជា ១០០,០០០បាត (២,៧២៨ ដុល្លារអាមេរិក)ក្នុងមួយខែ សម្រាប់នៅក្នុងរដូវកាលមានបុណ្យទាន និងពេលមានភ្ញៀវទេសចរអន្តរជាតិច្រើនជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






