ម៉ាស៊ីនត្រជាក់ក្នុងយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Qatar Airways បានគាំងលែងដំណើរការ ខណៈអ្នកដំណើរខ្លះបានសន្លប់
- BY
- Pheakdey
- June 14, 2024
ភាពចលាចលដ៏កម្រមួយបានកើតឡើងនៅក្នុងយន្តហោះគ្រឿងដែលកំពុងស្ថិតនៅលើផ្លូវរៀបចេញដំណើរ ក្រោយម៉ាស៊ីនត្រជាក់នៅក្នុងយន្តហោះនោះស្រាប់តែលែងដំណើរការ ខណៈសីតុណ្ហភាពនៅខាងក្រៅយន្តហោះបានកើនឡើងរហូតដល់ ៤៣អង្សាសេ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែមិថុនានេះបានឱ្យដឹងថា ករណីខាងលើបានកើតឡើងនៅក្នុងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតមួយនៅលើពិភពលោកផងដែរ។

ប្រភពខាងលើបានបន្តថា បញ្ហាគាំងម៉ាស៊ីនត្រជាក់ក្នុងយន្តហោះនេះបានកើតឡើងចំពោះជើងហោះហើរលេខ QR204 ដែលមានទិសដៅចេញពីទីក្រុង Athens ប្រទេសក្រិច ឆ្ពោះទៅកាន់ទីក្រុង Doha ប្រទេសកាតា។ បើតាមអាជ្ញាធរអាកាសចរណ៍កាតាបានបញ្ជាក់ថា បញ្ហាខាងលើនេះបានកើតឡើងក្នុងរយៈពេលជាង ៣ម៉ោង ហើយវាបានធ្វើឱ្យអ្នកដំណើរមួយចំនួនបង្ខំចិត្តដោះអាវចេញពីខ្លួន អ្នកខ្លះបានប្រើប្រាស់ម៉ាស់អុកស៊ីសែនដើម្បីកុំឱ្យថប់ដង្ហើម ខណៈអ្នកដំណើរក្មេងៗមួយចំនួនបានកើតមានបញ្ហាឈាមច្រមុះ និងអ្នកខ្លះត្រូវសន្លប់បាត់បង់ស្មារតីផងដែរ។
យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកដំណើរណាម្នាក់ត្រូវស្លាប់បាត់បង់ជីវិតនោះទេ ខណៈរហូតមកទល់នឹងពេលនេះខាងក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុដែលបង្កឱ្យមានបញ្ហាខាងលើត្រូវកើតឡើងនៅឡើយទេ ហើយការសងជំងឺចិត្តទៅកាន់ក្រុមអ្នកដំណើរយ៉ាងណានោះក៏នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






