អន្តរជាតិ

ថៃគ្រោងបញ្ចេញសាច់ប្រាក់ជាង ៨០០លានដុល្លារដើម្បីជួយឧបត្ថម្ភដល់កសិករជាង ៤លានគ្រួសារសម្រាប់យកទៅទិញជីមកធ្វើស្រែ

BY
Pheakdey
June 16, 2024

ថៃ៖ រដ្ឋាភិបាលថៃត្រៀមបញ្ចេញសាច់ប្រាក់ចំនួន ២៩,៩ពាន់លានបាត (៨១៤,៩៣៦,៤៦០ ដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភឱ្យប្រជាកសិករយកទៅទិញជីសម្រាប់ប្រើប្រាស់នៅក្នុងការធ្វើស្រែរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១៥ ខែមិថុនា។ តាមគម្រោងគឺមានប្រជាកសិករថៃចំនួន ៤,៦៨លានគ្រួសារ ដែលនឹងទទួលបានបានអត្ថប្រយោជន៍ពីគម្រោងផ្តល់ប្រាក់ឧត្ថម្ភមួយនេះ។

យ៉ាងណាក្តី ដើម្បីទទួលបានប្រាក់ឧបត្ថម្ភក្នុងគម្រោងមួយនេះក៏មានទាមទារឱ្យប្រជាកសិករថៃត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនផងដែរ ដូចជា៖

-ប្រជាកសិករថៃត្រូវទាញយកកម្មវិធីមួយក្នុងទូរស័ព្ទដៃ ដែលកម្មវិធីនោះត្រូវបានអភិវឌ្ឍឡើងដោយធនាគារកសិកម្មថៃ (Bank of Agriculture)

-ធ្វើការចុះឈ្មោះនៅក្នុងកម្មវិធីដើម្បីបញ្ជាក់ថាពួកគាត់ពិតជាក្រុមកសិករ ដែលស្ថិតនៅក្នុងលក្ខខណ្ឌត្រូវទទួលបានប្រាក់ឧបត្ថម្ភ

-ចំពោះការឧបត្ថម្ភវិញគឺរដ្ឋាភិបាលនឹងជួយចេញលុយចំនួន ៥០០បាត (១៣,៦៣ដុល្លារ) សម្រាប់ការទិញជីយកមកធ្វើស្រែក្នុងទំហំដី ១រ៉ៃ (០,១៦ហិកតា) ហើយក្នុងមួយគ្រួសារអាចទទទួលបានប្រាក់ឧបត្ថម្ភច្រើនបំផុតមិនលើសពីការធ្វើស្រែក្នុងទំហំដី ២០រ៉ៃ (៣,២ ហិកតា) នោះទេ

-រាល់ការទិញជីទាំងអស់គឺក្រុមប្រជាកសិករត្រូវធ្វើការបញ្ជាទិញក្នុងកម្មវិធីទូរស័ព្ទរបស់ធនាគារកសិកម្មថៃ ដើម្បីងាយស្រួលឱ្យអាជ្ញាធរថៃធ្វើការទូរទាត់ប្រាក់ឧបត្ថម្ភនោះទៅកាន់ក្រុមអ្នកលក់ជីដែលជាដៃគូសហការណ៍ជាមួយរដ្ឋាភិបាល ហើយតម្លៃជីនៅក្នុងកម្មវិធីទូរស័ព្ទនេះទៀតសោធគឺជាតម្លៃដែលកំណត់ដោយអាជ្ញាធរថៃ ពោលគឺក្រុមអ្នកលក់មិនអាចដំឡើងថ្លៃបានតាមតែចិត្តខ្លួនឯងនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: